Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • បេឡាជាតិរបបសន្តិសុខសង្គម ចូលរួមកិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៥

    វៀតណាម៖ នៅថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោកវេជ្ជបណ្ឌិត ស៊ុ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម តំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡាជាតិរបបសន្តិសុខសង្គម និងសហការី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៥ ក្រោមប្រធានបទ “បដិវត្តន៍ផ្នែកឧស្សាហកម្មលើកទី៤ និងការអភិវឌ្ឍន៍វិស័យសន្តិសុខសង្គមអាស៊ាន” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Nha Trang ប្រទេសវៀតណាម។

    កិច្ចប្រជុំនេះ ត្រូវបានប្រកាសបើកដោយ ឯកឧត្តម Vu Doc Dam ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការចូលរួមពីសំណាក់ប្រធានសមាគមសន្តិសុខអាស៊ាន អគ្គលេខាធិការ ថ្នាក់ដឹកនាំស្ថាប័នសន្តិសុខសង្គម និងតំណាងអង្គទូតបណ្តារដ្ឋជាសមាជិកអាស៊ានប្រមាណជាង ២០០នាក់។

    គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺផ្តោតជាចម្បងទៅលើបញ្ហា និងកាលានុវត្តភាពនៃស្ថាប័នសន្តិសុខសង្គមអាស៊ាន នៅក្នុងបរិបទនៃបដិវត្តន៍ផ្នែកឧស្សាហកម្មលើកទី៤ និងលំហូរសេរីនៃការងារដែលបានបង្កើតជាបញ្ហាក្នុងពេលបច្ចុប្បន្ននេះ។

    ក្នុងឱកាសនោះដែរ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក៏បានទទួលពានរង្វាន់ ស្តីពីការផ្តល់សេវាល្អសម្រាប់របបថែទាំសុខភាព (Customer Service Health Insurance Scheme) ពីលោកវេជ្ជបណ្ឌិត Suradej Waleeittikul ប្រធានសមាគមន៍សន្តិសុខសង្គមអាស៊ានផងដែរ។

    គួរបញ្ជាក់ផងដែរថា នេះគឺជាខួបគំរប់ ២០ឆ្នាំ នៃការបង្កើតសមាគមនេះឡើងដោយបច្ចុប្បន្នយើងមានសមាជិកជាស្ថាប័នសន្តិសុខសង្គម ចំនួន១៩ មកពីប្រទេសអាស៊ានចំនួន១០ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page