Mail |
  • ភាសាខ្មែរ
  • English
  • គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដល់កម្មការិនីសម្រាលកូន សរុបជាទឹកប្រាក់ប្រមាណ ១ ៧៦៥លានរៀល

    រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី០១ ខែកញ្ញា មកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ មានកម្មការិនីសម្រាលកូន ចំនួន ៤ ៣៨៧នាក់ ហើយ ដែលចំនួនកូនសរុប ៤ ៤១៣នាក់ (ភ្លោះពីរ ចំនួន ២៦នាក់) និងបានចំណាយថវិកាសរុបអស់ចំនួន ១ ៧៦៥ ២០០ ០០០រៀល។

    ការផ្តល់ជូននេះ ក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មការិនីដែលទើប សម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានប្រាក់ឧបត្ថម្ភ ដែលសម្រាលបានកូន ១នាក់ ទទួលបាន ៤០០ ០០០០រៀល សម្រាលបានកូនភ្លោះ ២នាក់ ទទួលបាន ៨០០ ០០០០រៀល និងសម្រាលកូនភ្លោះ ៣នាក់ ទទួលបាន ១ ២០០ ០០០រៀល ហើយត្រូវបានបើកផ្តល់ដោយ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ការផ្តល់ជូនកាដូពិសេសនេះ គឺដើម្បីឆ្លើយតបទៅនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាតក្នុងកំឡុងពេលសម្រាលកូន និងជាគោលនយោបាយមួយក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងការចូលរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត។

    គោលនយោបាយថ្មីនៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មក និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនជាកម្មករនិយោជិត និងជាពិសេសបងប្អូនកម្មការិនីជាស្ត្រីសម្រាលកូនជាច្រើន ដែលបានទទួលនូវប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលនេះ។

    យោងតាមរបាយការណ៍របស់ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី០១ ខែមករា មកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នេះ មានកម្មការិនីសម្រាលកូនចំនួន ៣៨ ៩៩៧នាក់ នឹងកូនសរុប មានចំនួន ៣៩ ២៩២នាក់ (កូនភ្លោះបី ចំនួន ៤នាក់ និងកូនភ្លោះពីរ ចំនួន ២៨៨នាក់) និងបានចំណាយថវិកាអស់សរុប ចំនួន ១៥ ៧១៦ ៨០០ ០០០រៀល ហើយ។

    គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ស្រ្តីជាកម្មការិនីទាំងក្នុង និងក្រៅប្រ័ពន្ធ ពេលសម្រាលត្រូវអនុវត្តតាមសេចក្តីណែនាំខាងក្រោម៖

    ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។

    ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

    ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

    ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.