Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • អ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅខេត្តតាកែវ ទទួលបានបណ្ណបើកបរស្របតាមប្រភេទយាន ចំនួន ១០២នាក់

    តាកែវ៖ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំពិធីចែកបណ្ណបើកបរ ដល់ក្រុមអ្នកបើកបររថយន្តដឹកកម្មករនិយោជិត កាលពីព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨។

    ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ង៉ែត មាន នាយប៉ុស្តិ៍រដ្ឋបាល តំណាងអធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ លោក យ៉ាម យុទ្ធា អនុប្រធានសាខាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់ អង្គភាព ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលរោងចក្រ និងក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត សរុបប្រមាណជា ១០៩នាក់ ស្ថិតនៅរោងចក្រ KUANTECH (CAMBODIA) CORPORATION LIMITED ស្រុកតាំកក់ ខេត្តតាកែវ។

    ឆ្លៀតក្នុងឱកាសនោះ លោកនាយប៉ុស្តិ៍រដ្ឋបាលក៏បានធ្វើការផ្តាំផ្ញើ ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិតទាំងអស់ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ ជំនាញជាអ្នកបើកបរឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា ព្រោះថាអាយុជីវិតកម្មករ កម្មការិនីទាំងអស់ ត្រូវបានពឹងផ្អែកទៅលើអ្នកបើកបរយានយន្តទាំងស្រុង ទាំងពេលទៅបំពេញការងារ និងពេលត្រឡប់មកផ្ទះ និងដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ”។

    បន្ទាប់មក លោក យ៉ាម យុទ្ធា បានថ្លែងបន្ថែមថា គិតចាប់ខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៨ “ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត” ហៅកាត់ថា“ស.ផ.ក” បានចុះផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិតបានចំនួន ៦៣១លើក។

    បើយោងតាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៨ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត មានអ្នកបើកបរចំនួន ៤ ៣៦៩នាក់ ក្នុងនោះមានបណ្ណបើកបរចំនួន ៣ ៥៩១នាក់ ស្មើនឹង ៨២% និងគ្មានបណ្ណបើកបរចំនួន ៧៧៨នាក់ ស្មើនឹង ១៨%។

    ដើម្បីឱ្យអ្នកបើកបរយានយន្តដឹកកម្មករនិយោជិតមានបណ្ណបើកបរស្របតាមប្រភេទយានយន្ត ប.ស.ស បានសហការជាមួយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ចុះបណ្តុះបណ្តាល ប្រឡងយកបណ្ណបើកបរ ជាលើកទី ២ ដែលបានចាប់ដំណើរការពីខែកក្កដា ឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្នបានចំនួន ១៤លើក ជាលទ្ធផលអ្នកបើកបរ ប្រឡងជាប់ជាស្ថាពរចំនួន ១ ១០១នាក់ ក្នុងនោះប្រភេទ “ខ” ចំនួន ៦៦៤នាក់ និងប្រភេទ “ឃ២” ចំនួន ៤៣៧នាក់ ហើយនៅថ្ងៃនេះទៀត អ្នកដែលត្រូវទទួលបានបណ្ណបើកបរមានចំនួន ១០២នាក់៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page