Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស ប្រជុំផ្សព្វផ្សាយគោលនយោបាយរបបសន្តិសុខសង្គម ដល់កម្មករ កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ SKY NICE II INTERNATIONAL CO., LTD

    កំពង់ចាម៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក ម៉េង ហុង នាយករង ប.ស.ស បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករ កម្មការិនី ចំនួន ៥៩នាក់ នៅរោងចក្រ SKY NICE II INTERNATIONAL CO., LTD ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ចាម។

    លោក ម៉េង ហុង នាយករង ប.ស.ស បានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកជូនកម្មករនិយោជិត ដោយបានពន្យល់បញ្ជាក់ឱ្យកាន់តែច្បាស់ពីរបបសន្តិសុខសង្គម៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព  និងផ្នែកប្រាក់សោធន ដែលនឹងចាប់ផ្តើមដាក់ឱ្យអនុវត្តន៍នៅឆ្នាំ ២០១៩ ខាងមុខនេះផងដែរ ។

    លោក ម៉េង ហុង បានបន្តថា បច្ចុប្បន្ន ប.ស.ស បាននឹងកំពុងដំណើរការរបបសន្តិសុខសង្គមចំនួនពីរ គឺរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ហើយនៅក្នុងឆ្នាំ២០១៩ ខាងមុខនេះ ប.ស.ស នឹងដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់ឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ដែលជាសមាជិក ប.ស.ស មានសិទ្ធទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពេលដែលគាត់ចាស់ធ្វើការលែងកើត ដូចទៅនឹងមន្ត្រីរាជការដែរ។

    លោក បានបន្តទៀតថា គិតមកដល់ពេលនេះ មានរោងចក្រសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីកម្មករនិយោជិត មកក្នុង ប.ស.ស ចំនួន ១២ ៥៨៨ និងមានសមាជិក សរុបចំនួន ១ ៤៨០ ៩៣២ នាក់ ក្នុងនោះស្រីមានចំនួន ៨៩៣ ៤៤៩នាក់ ដែលពួកគាត់ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតដែល ប.ស.ស បានផ្តល់ជូន។

    អ្វីៗទាំងអស់នេះក៏ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមាន ប.ស.ស ជាសេនាធិការ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.