Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ក្រុមការងារ ស.ផ.ក បានចុះចែកបណ្ណបើកបរជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត នៅរោងចក្រ ANFUL GARMENT (CAMBODIA) CO., LTD ខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សហការជាមួយរដ្ឋបាលរោងចក្រ  ANFUL  GARMENT (CAMBODIA) CO., LTD នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរៀបចំពិធីចែកបណ្ណបើកបរ ជូនអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតចំនួន ២៣៣នាក់ ដែលបានប្រឡងយកបណ្ណបើកបរជាប់ជាស្ថាពរកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៨ កន្លងទៅនេះ។

    ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក យ៉ាម យុទ្ធា សមាជិកក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ព្រមទាំងមានកាអញ្ជើញចូលរួមពី តំណាង ស.ស.យ.ក ស្រុកសំរោងទង លោកមេឃុំសំបូរ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ តំណាងរោងចក្រ ANFUL GARMENT (CAMBODIA) CO., LTD បុគ្គលិក ប.ស.ស និងមានការចូលរួមពីអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិតសរុបប្រមាណជា ២៤២ នាក់។

    ឆ្លៀតក្នុងឱកាសនេះដែរ លោក យ៉ាម យុទ្ធា បានថ្លែងថា ពិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់បងប្អូនកម្មករនិយោជិត តាមរយៈការបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត ដែលបានចូលរួមខិតខំសិក្សា រហូតទទួលបាន លទ្ធផលជោគជ័យគួរជាទីមោទកភាព។

    លោកបានបន្ថែមទៀតថា តាមរយៈកិច្ចសហការចុះបណ្ដុះបណ្ដាលប្រឡងផ្ដល់ បណ្ណបើកបរ ទាំងពីរលើកនេះ ឃើញថាអត្រាអ្នកបើកបរយានយន្ដដឹកកម្មករនិយោជិត ដែលគ្មានបណ្ណបើកបរមានការថយចុះជាខ្លាំង បើយោងតាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០១៨ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត មានអ្នកបើកបរចំនួន ៤ ៣៦៩នាក់ ក្នុងនោះមានបណ្ណបើកបរចំនួន ៣ ៥៩១នាក់ ស្មើនឹង ៨២% និងគ្មានបណ្ណបើកបរចំនួន ៧៧៨នាក់ ស្មើនឹង ១៨%។ ម្យ៉ាងវិញទៀតយើងឃើញថា ករណីគ្រោះថ្នាក់ ចរាចរណ៍ទៅលើបងប្អូនកម្មករនិយោជិត ក៏មានការថយចុះគួរឱ្យកត់សម្គាល់ផងដែរ បើយើងប្រៀបធៀបទិន្នន័យគ្រោះថ្នាក់កាលពីឆមាសទី១ ឆ្នាំ២០១៧ ជាមួយនឹងឆមាសទី១ ឆ្នាំ២០១៨៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page