Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ទទួលបានបណ្ណសមាជិក ប.ស.សចំនួន ៨៤៣បណ្ណ ពីបេឡាជាតិរបបសន្តិសុខសង្គម

    ភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ  បានសហការជាមួយ ក្រសួងមុខងារសាធារណៈ រៀបចំពិធីចែក បណ្ណសមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ចំនួន ៨៤៣បណ្ណ ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស

    ពិធីចែកបណ្ណខាងលើស្ថិតក្រោមអធិបតីភាព  ឯកឧត្តមកិត្តិបណ្ឌិត  ពេជ្រ ប៊ុនធិន  រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធនានា សរុបប្រមាណជា ១៥០នាក់ នៅឯសាលប្រជុំ នៃក្រសួងមុខងារសាធារណៈ រាជធានីភ្នំពេញ ។

    ឯកឧត្តមកិត្តិបណ្ឌិត  ពេជ្រ ប៊ុនធិន  រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា៖ នេះជាលើកដំបូងហើយ ដែលបេឡាជាតិ របបសន្តិសុខសង្គម បានចែកបណ្ណសមាជិក ប.ស.ស សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងមុខងារសាធារណៈ ដែលមានមន្រ្តីរាជការសាធារៈ សរុបចំនួន ២០៩១នាក់ ក្នុងនោះមន្រ្តីរាជការស៊ីវិលមានចំនួន ៩៤២នាក់ មន្រ្តីជាប់កិច្ចសន្យាចំនួន ២០៨នាក់ មន្ត្រីរាជការនៅទីស្តីការក្រសួងសរុបចំនួន ៥៤៣នាក់ និងមន្រ្តីរាជការនៅតាមមន្ទីរមុខងារសាធារណៈ រាជធានី ខេត្ត ចំនួន ៣៩៨នាក់ ដែលនឹងត្រូវទទួលបានបណ្ណសមាជិក ប.ស.ស សម្រាប់ប្រើប្រាស់ក្នុងការទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋាន សុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។

    ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែង ថា៖ តាមរយៈការអនុវត្ត របបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជាទីមោទនៈកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវសេវាតាវកាលិករួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់

    – សេវាបញ្ជូនសព និង សេវាបង្ការសុខភាព ។

    គិតរហូតមកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាសុខភាពបានចំនួន ១៨ ៣២៥ ដង-នាក់ (ករណី)។

    នេះសបញ្ជាក់ពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។

    ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់បន្ថែមថា ៖ ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ នឹងបន្តជម្រុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែក ប្រាក់សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តទៀតថា៖ គិតមកដល់បច្ចុប្បន្ននេះ ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះជា កម្មករនិយោជិត សរុបចំនួន ២១៣ ០២៥នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិក ចំនួន ១ ៤៨០ ៩៣២ នាក់ នៃរោងចក្រ សហគ្រាស ចំនួន ១២ ៥៨៨សហគ្រាស។ ដោយឡែក សម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតប្រមាណជាង ១ ៥៩០ ៥៨២ ដង-នាក់ (ករណី) ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៨០៩ ០៥០នាក់ នៃរោងចក្រ សហគ្រាស ចំនួនជាង ៨ ២៦៩ ។ ក្រៅពីការងារខាងលើ ប.ស.ស ក៏ត្រូវទទួលបន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌ សុខាភិបាល ដែលមកដល់ពេលនេះ បានចុះបញ្ជីសហគ្រាសចំនួន ២៣ ២៩៣សហគ្រាស និងកម្មករនិយោជិតចំនួន ១៣៨ ០១៤នាក់ និងទទួលរៀបចំបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ក្រោយសម្រាលកូន ដែលគិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៥៣ ៧២៧នាក់ កូនចំនួន ៥៤ ១២០ នាក់៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page