Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការ និងសាសនា ទទួលបានបណ្ណសមាជិក ប.ស.ស ចំនួន ១៦២១បណ្ណ ពីបេឡាជាតិរបបសន្តិសុខសង្គម

    រាជធានីភ្នំពេញ៖ បេឡាជាតិរបបសន្តិសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងធម្មការ និងសាសនា បានរៀបចំពិធីប្រគល់-ទទួលបណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការ និងសាសនា ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងទីស្តីការក្រសួងផ្ទាល់។

    ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម នរៈ រតនវឌ្ឍនោ  រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនា ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបប សន្តិសុខសង្គម ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីតំណាង ស្ថាប័ន អង្គភាព ក្រោមឱវាទ សរុបប្រមាណជា ១២០នាក់។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងថា គោលបំណងនៃពិធីនេះ គឺដើម្បីចែកបណ្ណសមាជិក ប.ស.ស ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការ និងសាសនា សម្រាប់ទៅទទួលសេវា របបសន្តិសុខសង្គម នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស និងផ្សព្វផ្សាយអំពីគោលនយោបាយ របបសន្តិសុខសង្គម សម្រាប់មន្ត្រីរាជការ និងកម្មករនិយោជិតផងដែរ។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តទៀតថា៖ ចាប់តាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន  ប.ស.ស បានពង្រីកវិសាលភាពរបស់ខ្លួនគ្របដណ្តប់ ទូទាំងប្រទេសដោយ មានមន្ត្រីរាជការ និងបុគ្គលិកដែលកំពុងបម្រើការងារសរុប ចំនួន ១ ៤៧៣នាក់ ក្នុងនោះមានមន្ត្រីរាជការចំនួន ២២៣នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ១ ២៥០នាក់។

    ឯកឧត្តមប្រតិភូ បានបញ្ជាក់បន្ថែមថា៖ អនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៩១ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីកិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិរបបសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលសម្រាប់ ផ្នែកថែទាំសុខភាព  ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចាប់ពីថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិចំនួន ១៣៣៥ មូលដ្ឋានសុខាភិបាល នៅក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ និងមន្ទីរពេទ្យឯកជនចំនួន ៤៣ ។

    ឯកឧត្តមប្រតិភូបន្តថា៖ រហូតមកដល់បច្ចុប្បន្ន  ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិត ចំនួន ២១៤ ៣៧០នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១ ៤៨៧ ៤៩១នាក់ នៃរោងចក្រ សហគ្រាសចំនួន   ១២៦៨៨ សហគ្រាស។

    ដោយឡែក សម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិត ចំនួន ១ ៨៥២ ០៤៦ ដង-នាក់ (ករណី) ក្នុងចំណោម កម្មករនិយោជិតប្រមាណជាង ១ ៥៩២ ៥៥៧នាក់ នៃរោងចក្រសហគ្រាសចំនួនជាង ៨ ៥០៨ សហគ្រាស។

    ក្រៅពីការងារខាងលើ ប.ស.ស ក៏ត្រូវទទួលបន្ទុកលើការងារចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិ សមធម៌-សុខាភិបាល ដែលមកដល់បច្ចុប្បន្នបានចុះបញ្ជីសហគ្រាសចំនួន ២៣ ១៨៣សហគ្រាស និងកម្មករនិយោជិតចំនួន ១៣៧ ៨៤៥នាក់ និងទទួលរៀបចំបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់កម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ក្រោយសម្រាលកូន ដែលគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានកម្មករនិយោជិតជាស្ត្រីសម្រាលកូនសរុបចំនួន ៥៤ ៥៦៩នាក់ កូនចំនួន ៥៤ ៩៧៦នាក់ និងចំណាយទឹកប្រាក់ចំនួន ២១ ៩៩០ ៤០០ ០០០រៀល ។

    នេះសបញ្ជាក់ពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។

    ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់បន្ថែមថា ៖ ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ    បន្តជម្រុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត   មន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់ សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ។

    ឯកឧត្តម នរៈ រតនវឌ្ឍនោ  រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងធម្មការ និងសាសនាបានលើកឡើងថា របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គឺជាគោលនយោបាយដ៏ល្អមួយក្នុងការឆ្លើយតបទៅនឹងការរក្សាសុខមាលភាព និងលើកកំពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនឲ្យកាន់តែល្អប្រសើរឡើង ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page