Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • នៅថ្ងៃនេះប័ណ្ណសមាជិក ប.ស.ស ជាង ៣ពាន់ប័ណ្ណថែមទៀត ត្រូវបាន ប.ស.ស ផ្តល់ជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្រសួងសាធារណការ និងដឹកជញ្ជូន

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងថា៖ កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិក ប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់ កិច្ចសន្យា ហើយនៅព្រឹកថ្ងៃនេះ ប.ស.ស បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការផ្តល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ខ្លួនជាង ៣ពាន់ប័ណ្ណ បន្ថែមទៀត ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅតាម មូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្តទៀតថា ការផ្ដល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានេះដែរ  គឺនៅតែផ្ដល់ជូនបន្តទៀត ទៅដល់ក្រសួង ស្ថាប័នមួយចំនួន ដែល ប.ស.ស មិនទាន់បានធ្វើកិច្ចសហការក្នុងការផ្ដល់ប័ណ្ណ ប.ស.ស ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់ខ្លួន ។

    ទាក់ទងទៅនឹងការផ្ដល់ប័ណ្ណសមាជិក ប.ស.ស នេះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងរំលឹកថា៖  ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន  ប.ស.ស បានពង្រីកវិសាលភាពរបស់ខ្លួនគ្របដណ្តប់ទូទាំងប្រទេសដោយ មានមន្ត្រីរាជការ និងបុគ្គលិកដែលកំពុង បម្រើការងារសរុប ចំនួន ១៤៧៣នាក់ ក្នុងនោះមានមន្ត្រីរាជការចំនួន ២២៣នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ១២៥០នាក់។

    អនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៩១ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីកិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិរបបសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលសម្រាប់ផ្នែកថែទាំសុខភាព  ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចាប់ពីថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិចំនួន ១៣៣៥ មូលដ្ឋានសុខាភិបាល នៅក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១២៩២ និងមន្ទីរពេទ្យឯកជនចំនួន ៤៣ ។

    ឯកឧត្តមប្រតិភូ បានថ្លែងរំលឹកបន្តទៀតថា៖ តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជាទី មោទនៈកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវសេវាតាវកាលិករួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់

    – សេវាបញ្ជូនសព និង សេវាបង្ការសុខភាព ។

    គិតរហូតមកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាសុខភាពបានចំនួន ២២០០១ ដង-នាក់ (ករណី)។

    នេះសបញ្ជាក់ពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាព រស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។

    ឯកឧត្តមប្រតិភូ លើកឡើងយ៉ាងដូច្នេះ នាឱកាសអញ្ជើញផ្តល់បណ្ណ សមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ៣៣៣៩បណ្ណ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានវត្តមានចូលរួម ទាំងថ្នាក់ដឹកនាំ មន្រ្តីតំណាងអង្គភាព ស្ថាប័ន ក្រោមឱវាទ សរុបប្រមាណជា ១៧០នាក់ នៅព្រឹកថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page