Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស ផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ២៤៦៩ប័ណ្ណ ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    ភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំពិធី ប្រគល់-ទទួល ប័ណ្ណសមាជិក ប.ស.ស ចំនួន ២៤៦៩ប័ណ្ណ ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស។

    ពិធីនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨  ស្ថិតនៅក្នុងសាលប្រជុំ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

    ពិធីចែកបណ្ណខាងលើនេះ  ប្រព្រឹត្តទៅក្រោមអធិបតីភាព  ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីតំណាងអង្គភាព ស្ថាប័ន ក្រោមឱវាទ សរុបប្រមាណជាង ១០០នាក់ ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស បានថ្លែងបញ្ជាក់ថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្រោមអាណាព្យាបាល ហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ និងបានចាប់ផ្តើមដំណើរការចុងឆ្នាំ២០០៨។

    តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជាទីមោទនៈកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រង និងចាត់ចែងរបប សន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។

    នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវកញ្ចប់តាវកាលិករួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់ និង សេវាបញ្ជូនសព

    – សេវាបង្ការសុខភាព ។

    ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់បន្ថែមទៀតថា រហូតមកដល់ពេលនេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន ៣១៤ ០៧៦នាក់ (មន្ត្រីរាជការចំនួន ២០៤ ០៨៤នាក់ អតីតមន្ត្រីរាជការចំនួន ៥៥ ២២២នាក់ អតីតយុទ្ធជនចំនួន ៥៤ ៧៧០នាក់) និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅទទួលសេវាថែទាំសុខភាពបានចំនួន ២២ ០០១ ដង-នាក់។

    ឯកឧត្តមប្រតិភូ បានបន្តទៀតថា ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជម្រុញ ការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យដំណើរការផ្នែកប្រាក់សោធនសម្រាប់ កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page