Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ថ្ងៃនេះប័ណ្ណសមាជិក ប.ស.ស ចំនួន ៧៩៤ ប័ណ្ណថែមទៀតហើយ ត្រូវបានផ្តល់ជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

    រាជធានីភ្នំពេញ៖  លោក ម៉េង ហុង នាយករង ប.ស.ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយក ប.ស.ស បានបញ្ជាក់ថា  កន្លងមក ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួងមួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណ សមាជិកប.ស.ស ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា  ហើយនៅព្រឹកថ្ងៃនេះដែរ ប.ស.ស បានសហការជាមួយក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បន្តផ្តល់ប័ណ្ណសមាជិក របស់ខ្លួន ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ៧៩៤ប័ណ្ណ បន្ថែមទៀត ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។

    លោកម៉េង ហុង នាយករង ប.ស.ស បានបន្តថា  ចាប់ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន  ប.ស.ស បានពង្រីកវិសាលភាពរបស់ខ្លួន គ្របដណ្តប់ទូទាំងប្រទេសដោយ មានមន្ត្រីរាជការ និងបុគ្គលិកដែលកំពុងបម្រើការងារសរុប ចំនួន ១៣៥៩នាក់ ក្នុងនោះមានមន្ត្រីរាជការ ចំនួន ២២៣នាក់ និងបុគ្គលិកជាប់កិច្ចសន្យាចំនួន ១១៣៦នាក់។

    លោក នាយករង បានថ្លែងរំលឹកបន្តទៀតថា៖ តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យ គួរជាទីមោទនៈ  កន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការ គ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន មានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    នៅដើមឆ្នាំ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវកញ្ចប់តាវកាលិករួមមាន៖

    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ

    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់

    – សេវាបញ្ជូនសព និង សេវាបង្ការសុខភាព ។

    គិតរហូតមកដល់ពេលនេះ មានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ទៅទទួលសេវាសុខភាពបានចំនួន ២ ២០១ ដង-នាក់ ។

    នេះសបញ្ជាក់ពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិ បណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ មន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ។

    លោកនាយករងបានលើកឡើងបែបនេះ  ក្នុងពិធីប្រគល់-ទទួលប័ណ្ណ សមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់ កិច្ចសន្យា នៃក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ៧៩៤ប័ណ្ណ នៅសាលប្រជុំទីស្តីការក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមានវត្តមាន ចូលរួម ពីថ្នាក់ដឹកនាំ មន្រ្តីតំណាងអង្គភាព ស្ថាប័ន ក្រោមឱវាទ សរុបប្រមាណជិត ១០០នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page