Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មកដល់ថ្ងៃនេះ បេឡាជាតិរបបសន្តិសុខសង្គម បានប្រគល់ប័ណ្ណសមាជិករបស់ខ្លួនជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា បានចំនួន ១៦ក្រសួងហើយ

    រាជធានីភ្នំពេញ៖  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានធ្វើកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃនេះ ក្នុងការផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ចំនួន ៤២៨ ប័ណ្ណ ដើម្បីផ្តល់ជូនមន្រ្តី រាជការ និងមន្រ្តីជាប់កិច្ចសន្យានៅក្នុងក្រសួងមួយនេះ ក្នុងការទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងបញ្ជាក់ថា  តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជាទីមោទនៈ  កន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែម ជាប្រតិបត្តិករតែមួយគត់ ក្នុងការគ្រប់គ្រងនិងចាត់ចែង របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលមានបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ។

    រហូតមកដល់ពេលនេះ ប.ស.ស បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន សរុបចំនួន ៣១៤ ០៧៦នាក់ (មន្ត្រីរាជការចំនួន ២០៤ ០៨៤នាក់ អតីតមន្ត្រីរាជការចំនួន ៥៥ ២២២នាក់ អតីតយុទ្ធជនចំនួន ៥៤ ៧៧០នាក់) និងមានមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទៅទទួលសេវាថែទាំសុខភាពបានចំនួន ២៥៨ ១១១ដង-នាក់។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តថា ប.ស.ស នឹងបន្តពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងបន្តជម្រុញការអនុវត្តផ្នែកថែទាំសុខភាពទាំងសម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និងខិតខំរៀបចំដាក់ឱ្យ ដំណើរការផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិត និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈនៅឆ្នាំ២០១៩ ខាងមុខនេះ។

    ការថ្លែងឡើងរបស់ ឯកឧត្តមប្រតិភូ ត្រូវបានធ្វើឡើងក្នុងពិធីប្រគល់-ទទួលប័ណ្ណ សមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងការបរទេស និងសហប្របត្តិការអន្តរជាតិ នៅសាលប្រជុំទីស្តីការក្រសួង ការបរទេស និងសហប្របត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ និងមន្រ្តីតំណាង អង្គភាព ស្ថាប័ន ក្រោមឱវាទ សរុបប្រមាណជាង ៣០០នាក់ នៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page