Mail |
  • ភាសាខ្មែរ
  • English
  • ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ប្រមាណជាង ២៥ពាន់លានរៀល បានបើកផ្តល់ជូនកម្មការិនីសម្រាលកូនជាសមាជិក ប.ស.ស តាមរយៈ បេឡាជាតិរបបសន្តិសុខសង្គម

    រាជធានីភ្នំពេញ៖  គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនមានចំនួន ៦៣ ៦៧៧ នាក់ កូនចំនួន ៦៤ ១៤៧ នាក់ និងចំណាយទឹកប្រាក់អស់ជាង ២៥ពាន់លានរៀល តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម។

    ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានថ្លែងបញ្ជាក់ ទៀតថា នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជាសេនាធិការ ។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តថា ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត ឱ្យទទួលបន្ទុកលើការងារចុះបញ្ជីកម្មករ និយោជិតក្រៅប្រព័ន្ធ ដើម្បីទទួលបានសេវាមូលនិធិសមធម៌សុខាភិបាល ដែលមកដល់បច្ចុប្បន្ននេះ បានចុះបញ្ជីសហគ្រាស ចំនួន ២៣ ១៨៣ សហគ្រាស និងកម្មករនិយោជិតសរុបចំនួន ១៣៧ ៨៤៥ ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ៖

    – សម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល

    – សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល

    – សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល

    ដែលត្រូវបានបើកផ្តល់ជូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្ថែមទៀតថា ការផ្តល់ជូនកាដូពិសេសនេះ គឺដើម្បីឆ្លើយតបទៅនឹងជីវភាពរបស់បងប្អូនកម្មករ និយោជិត ដែលខ្វះខាតក្នុងអំឡុងពេលសម្រាលកូន និងជាគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវា គាំពារសង្គម និងការលើកកម្ពស់កំណើនប្រជាជនកម្ពុជា ព្រមទាំងរួមចំណែកក្នុងការដោះស្រាយនូវទុក្ខលំបាក របស់បងប្អូនកម្មករនិយោជិត។ គោលនយោបាយថ្មីនៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ មក និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនជាកម្មករនិយោជិត ជាពិសេសបងប្អូន កម្មការិនីជាស្ត្រីសម្រាលកូន ។

    ឯកឧត្តមប្រតិភូ បានថ្លែងឡើងបែបនេះ នៅក្នុងពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ចំនួន ១១៦០ប័ណ្ណ ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីតំណាង អង្គភាព ស្ថាប័ន ក្រោមឱវាទសរុបប្រមាណជាង ១០០នាក់ ស្ថិតនៅក្នុងសាលប្រជុំនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

    ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន គឺជាគោលនយោបាយដ៏ល្អមួយក្នុងការឆ្លើយតបទៅនឹងការរក្សាសុខុមាលភាព និងលើកកំពស់ជីវភាព រស់នៅរបស់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.