Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • គិតមកទាល់ពេលនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដែលជាសមាជិករបស់ខ្លួនបានចំនួនជាង ១៥ ម៉ឺននាក់ហើយ ក្នុងចំណោមសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ សរុបជាង ៣០ម៉ឺននាក់

    រាជធានីភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងថា គិតមកទាល់ពេលនេះ ប.ស.ស បានប្រគល់ប័ណ្ណសមាជិក ប.ស.ស ជូនដល់មន្រ្តីសាធារណៈ  អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដែលជាសមាជិករបស់ខ្លួនបានចំនួនជាង ១៥ ម៉ឺននាក់ហើយ ក្នុងចំណោមសមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ សរុបជាង ៣០ម៉ឺននាក់ ។

    ឯកឧត្តមប្រតិភូ បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ន បេឡាជាតិរបបសន្តិសុខសង្គម បានផ្តល់សេវាថែទាំសុខភាព ជូនដល់សមាជិក ប.ស.ស ជាមន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន បានចំនួន ២៥៨ ៥១១ ដង-នាក់ ហើយ នៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស តាមរយៈការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស ។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តទៀតថា ប.ស.ស នឹងបន្តកិច្ចសហការក្នុងការរផ្ដល់ប័ណ្ណសមាជិក របស់ខ្លួន ជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ទៅដល់ក្រសួង ស្ថាប័នមួយចំនួនទៀត ដែល ប.ស.ស មិនទាន់បានធ្វើកិច្ចសហការក្នុងការផ្ដល់ប័ណ្ណ សម្រាប់ការទៅទទួលសេវារបបសន្តិសុខសង្គមនៅតាមមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ។

    ទាក់ទងទៅនឹងការផ្ដល់ប័ណ្ណសមាជិក ប.ស.ស នេះដែរ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងរំលឹកថា បច្ចុប្បន្ន  បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានពង្រីកវិសាលភាពរបស់ខ្លួនគ្របដណ្តប់ទូទាំងប្រទេសដោយ មានមន្ត្រីរាជការ និងបុគ្គលិកដែលកំពុងបម្រើការងារសរុប ១ ៣៥៩នាក់ ។

    អនុលោមតាមប្រកាសអន្តរក្រសួងលេខ ២៩១ ក.ប/ប្រ.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីកិច្ចព្រមព្រៀងការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិរបបសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលសម្រាប់ផ្នែកថែទាំសុខភាព  ប.ស.ស បានចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋានសុខាភិបាលចាប់ពីថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិចំនួន ១ ៣៣៥ មូលដ្ឋានសុខាភិបាល នៅក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ មូលដ្ឋានសុខាភិបាល និងមន្ទីរពេទ្យឯកជនចំនួន ៤៣ មូលដ្ឋានសុខាភិបាល ដើម្បីសម្រួលដល់ការផ្តល់សេវាជូនសមាជិក ប.ស.ស អោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

    ឯកឧត្តមប្រតិភូ បានបន្តទៀតថា គិតចាប់ពីពេលដំណើរការដំបូងក្នុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន  ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិតបានចំនួន ២១៦ ៣៥៧នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១ ៦១៤ ៣៣៩ នាក់ នៃសហគ្រាសចំនួន ១២ ៦៨៨  និងសម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតចំនួន ១ ៨៥០ ៧១៩ ដង-នាក់ ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៦១៤ ៣៣៩ នាក់ នៃសហគ្រាសចំនួនជាង ១០ ១៥២ សហគ្រាស ។

    ឯកឧត្តមប្រតិភូ លើកឡើងយ៉ាងដូច្នេះ នាឱកាសពិធីប្រគល់-ទទួលប័ណ្ណសមាជិក ប.ស.ស ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃក្រសួងកិច្ចការនារី ចំនួន ៩៣៥ ប័ណ្ណ នៅទីស្តីការក្រសួងកិច្ចការនារី  ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីតំណាង អង្គភាព ស្ថាប័ន ក្រោមឱវាទ សរុបប្រមាណជាង ៣០០នាក់ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page