Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • កិច្ចប្រជុំពិគ្រោះយោបល់ជាមួយមូលដ្ឋានសុខាភិបាលកម្រិតថ្នាក់ជាតិស្តីពីការកំណត់តម្លៃឱសថក្រៅពីបញ្ជីឱសថសារវន្ត សម្រាប់ការព្យាបាលជំងឺលើសឈាម សម្ពាធឈាម និងជំងឺទឹកនោមផ្អែម ជូនដល់សមាជិក ប.ស.ស

    រាជធានីភ្នំពេញ៖ ឯកឧត្តម ស៊ុំ សោភ័ណ នាយករងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយនឹងតំណាងថ្នាក់ដឹកនាំមូលដ្ឋានសុខាភិបាលកម្រិត ថ្នាក់ជាតិចំនួន៣ នៅក្នុងរាជធានីភ្នំពេញ។

    កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩  ស្ថិតនៅសាលប្រជុំធំនៃ ប.ស.ស ដោយមានការអញ្ជើញចូលរួមពី ភាគីទាំងពីរ សរុបប្រមាណជាង ៤០នាក់ ។

    ឯកឧត្តម ស៊ុំ សោភ័ណ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ផ្ដោតសំខាន់អំពីការកំណត់តម្លៃឱសថក្រៅពីបញ្ជី ឱសថសារវន្តសម្រាប់ ព្យាបាលជំងឺលើសឈាម សម្ពាធឈាម និងជំងឺទឹកនោមផ្អែម ជូនដល់សមាជិក ប.ស.ស ។

    កិច្ចប្រជុំពិគ្រោះយោបល់ខាងលើនេះ បានជម្រុញឱ្យមូលដ្ឋានសុខាភិបាលទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងឯកជនទាំង អស់ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស គប្បីយកចិត្តទុកដាក់បន្ថែមទៀតទាក់ទងទៅនិងការមកទទួលសេវាពិនិត្យ ព្យាបាលជំងឺរបស់សមាជិក ប.ស.ស ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

    ឯកឧត្តមនាយករង បានឱ្យដឹងដែរថា កម្មករនិយោជិតមួយចំនួន នៅមិនទាន់យល់ដឹងច្បាស់ពីនីតិវិធីក្នុងការទៅទទួល សេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅឡើយទេ ដូច្នេះដើម្បីឱ្យកាន់តែមានភាពល្អប្រសើរឡើង សូមឱ្យមានការចូលរួមដោយយកចិត្តទុកដាក់បន្ថែមទៀតពីខាងមន្ទីរពេទ្យ ។

    បច្ចុប្បន្ន បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរពេទ្យឯកជន សរុបចំនួន ១ ៣៣៧ មូលដ្ឋានសុខាភិបាល ក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ មូលដ្ឋាន សុខាភិបាល និងមន្ទីរពេទ្យឯកជនចំនួន ៤៥ មូលដ្ឋានសុខាភិបាល ដើម្បីសម្រួលដល់ការផ្តល់សេវាជូនសមាជិក ប.ស.ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

    ទាំងនេះ គឺជាការឆ្លើយតប ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ទទួលបានសេវាគាំពារសង្គម ដើម្បីរក្សាសុខុមាលភាព និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតឱ្យកាន់តែប្រសើរឡើង៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page