Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស បើកកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវា និងការទូទាត់ថ្លៃសេវា ជាមួយមន្ទីរពេទ្យឯកជន ដែលជាដៃគូជាមួយ ប.ស.ស ដើម្បីពន្លឿនការផ្តល់សេវាជូនសមាជិក ប.ស.ស ឱ្យកាន់តែប្រសើរឡើង

    ភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ  នៅក្នុងកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវា និងការទូទាត់ថ្លៃសេវា ជាមួយមន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស បានថ្លែងថា ៖

    កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ គឺដើម្បីពង្រឹងគុណភាពការផ្តល់សេវាជូនសមាជិក ប.ស.ស ឱ្យបានកាន់តែល្អប្រសើរ និងចូលរួមដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលបានកើតមានក្នុងពេលអនុវត្តការងារកន្លងមក។

    ឯកឧត្តមប្រតិភូ បានថ្លែងបន្តថា៖ វេទិកាដ៏មានសារៈសំខាន់នេះដែរ គឺជាឱកាសមួយសម្រាប់ឱ្យភាគី ប.ស.ស និងមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ បានពិភាក្សាផ្តល់យោបល់ប្រកបដោយន័យស្ថាបនា លើបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ កាន់តែល្អប្រសើរ សមស្របទៅនឹងបរិយាការណ៍សេដ្ឋកិច្ច និងសង្គមកិច្ចប្រទេសកម្ពុជាបច្ចុប្បន្នដែលកំពុងតែមានវឌ្ឍនភាពឥតឈប់ឈរ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពីពលរដ្ឋរបស់ខ្លួនផងដែរ។

    ឯកឧត្តមប្រតិភូ បានបញ្ជាក់ទៀតថា បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចាប់ពីថ្នាក់មណ្ឌលសុខភាព រហូតដល់ថ្នាក់ជាតិ សរុបចំនួន ១៣៣៧ មូលដ្ឋានសុខាភិបាល នៅក្នុងនោះមានមន្ទីរពេទ្យរដ្ឋចំនួន ១ ២៩២ និងមន្ទីរពេទ្យឯកជនចំនួន ៤៥ ។

    ឯកឧត្តមប្រតិភូ បានបន្តទៀតថា ការកើនឡើងនៃមន្ទីរពេទ្យឯកជន គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសម្រួលសេវាព្យាបាលដល់មន្ទីរពេទ្យរដ្ឋបានយ៉ាងច្រើន ក្នុងការផ្តល់សេវាជូនបងប្អូនកម្មករនិយោជិត ដែលជាសមាជិក ប.ស.ស ។

    គិតរហូតមកទល់ពេលនេះ ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិតចំនួន ២១៦ ៣៥៧នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១ ៦១៤ ៣៣៩នាក់ នៃសហគ្រាសចំនួន ១២ ៦៨៨សហគ្រាស។

    ដោយឡែក សម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតចំនួន ១ ៨៥០ ៧១៩ដង-នាក់ ក្នុងចំណោមកម្មករនិយោជិតប្រមាណជា ១ ៦១៤ ៣៣៩នាក់ នៃសហគ្រាសចំនួន ១០ ១៥២ សហគ្រាស ។

    ឯកឧត្តមប្រតិភូ បានមានថ្លែងបន្ថែមទៀតថា ប.ស.ស នឹងព្យាយាមដោះស្រាយរាល់បញ្ហាប្រឈមក្នុងការទៅទទួលសេវារបបសន្តិសុខសង្គម របស់សមាជិក ប.ស.ស និងដោះស្រាយរាល់បញ្ហារបស់និយោជក ម្ចាស់សហគ្រាស/គ្រឹះស្ថាន និងជាពិសេសធ្វើការដោះស្រាយឱ្យទាន់ពេលវេលាក្នុងការផ្តល់សេវាជូនកម្មករនិយោជិត ។

    ការលើកឡើងរបស់ ឯកឧត្តមប្រតិភូ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើការផ្តល់សេវា និងការទូទាត់ថ្លៃសេវា ជាមួយមន្ទីរពេទ្យឯកជន ដែលជាដៃគូជាមួយ ប.ស.ស នៅថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីតំណាងមន្ទីរពេទ្យដៃគូ និងថ្នាក់ដឹកនាំ មន្រ្តី ក្រោមឱវាទ សរុបប្រមាណជា ៧០នាក់ នៅសាលប្រជុំធំ នៃស្នាក់ការកណ្តាលបេឡាជាតិរបបសន្តិសុខសង្គម ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page