Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប.ស.ស បានចុះប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នៅសាលាប្រជុំខេត្តបន្ទាយមានជ័យ

    បន្ទាយមានជ័យ៖ ថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសាលាខេត្ត បន្ទាយមានជ័យ រៀបចំប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ក្រោមសហអធិបតីភាព ឯកឧត្តម អោម ចន្ថា អភិបាលស្តីទី និងជាតំណាងឯកឧត្តមអភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ឯកឧត្តម ម៉េង ហុង នាយករង និងជាតំណាង ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស លោក រស់ សារុំ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកវេជ្ជបណ្ឌិត កែវ ពេជ្រសុវណ្ណ អនុប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្រី ផៅ ខេមរិន្ទ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ថោ ហ៊រ ប្រធានសាខា ប.ស.ស ខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ជាអភិបាល អភិបាលរងក្រុង/ស្រុក ប្រធាន/អនុប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាព ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងនិយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន ឬតំណាង រួមទាំងជនរងគ្រោះ ដោយសារគ្រោះថ្នាក់ការងារ ទាំងអស់ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និងធនាគារឯកទេសវីង នៅក្នុងខេត្តបន្ទាយមានជ័យ ដែលមានចំនួន សរុប ប្រមាណ ១៣៧ នាក់។

    ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម អោម ចន្ថា អភិបាលស្តីទីខេត្តបន្ទាយមានជ័យ បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដល់មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះ ព្រមទាំងកោតសរសើរចំពោះ បេឡាជាតិរបបសន្តិសុខសង្គម ខេត្តបន្ទាយមានជ័យ ដែលខិតខំអនុវត្តការងារប្រកបដោយស្មារតីប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា។

    នៅក្នុងឱកាសនោះ ឯកឧត្តម អោម ចន្ថា អភិបាលស្តីទី បានសំណូមពរខាងក្រោម៖

    ១-ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ សូម ប.ស.ស ខិតខំអនុវត្តផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ផ្តល់ឱកាស ឱ្យនិយោជកចូលរួមកិច្ចប្រជុំយ៉ាងតិច ១ឆ្នាំ ១ដង សម្រាប់ជាមូលដ្ឋានផ្សព្វផ្សាយ ដល់និយោជក ម្ចាស់ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតឱ្យយល់ដឹងពីរបបសន្តិសុខសង្គម។

    ២-និយោជក នាយកម្ចាស់ សហគ្រាស គ្រឹះស្ថាន ទាំងអស់ សូមចូលរួមអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជន ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងត្រូវមកចុះបញ្ជិកាសហគ្រាស  គ្រឹះស្ថាន និងកម្មករនិយោជិត និងបង់ភាគទានឱ្យទាន់ពេលវេលា សម្រាប់ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដើម្បីកុំឱ្យបាត់បង់ដល់អត្ថប្រយោជន៍របស់កម្មករនិយោជិត។
    ៣-សូមឱ្យអង្គភាព មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត ចូលរួមសហការជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងការអនុវត្តច្បាប់នេះឱ្យមានប្រសិទ្ធភាពដើម្បីចូលរួមចំណែក អភិវឌ្ឍន៍សង្គមជាតិយើងឱ្យមានការរីកចំរើន និងភាពសុខដុមរមនា។

    ឯកឧត្តម ម៉េង ហុង នាយករងបេឡាជាតិរបបសន្តិសុខសង្គម បានមានប្រសាសន៍ថាកិច្ចប្រជុំនៅថ្ងៃនេះ ធ្វើឡើង ក្នុងគោលបំណង ធ្វើការផ្សព្វផ្សាយគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម និងវឌ្ឍនៈភាពរបស់ ប.ស.ស បញ្ហាប្រឈម ជាពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកហានិភ័យការងារជូនកម្មករនិយោជិត។ ឯកឧត្តម  នាយករង បានបញ្ជាក់បន្តទៀតថា គិតរហូតមកដល់ពេលនេះ ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ ជនរងគ្រោះជាកម្មករនិយោជិតចំនួន ២១៦ ៣៥៧នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១ ៦៣៤ ២២១ នាក់ នៃសហគ្រាសចំនួន ១២ ៥១៣ សហគ្រាស។ ដោយឡែក សម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករ និយោជិតចំនួន ១ ៨៥០ ៧១៩ដង-នាក់ ក្នុងចំណោមកម្មករនិយោជិតប្រមាណជា ១ ៦១៤ ៣៣៩នាក់ នៃសហគ្រាស ចំនួន ១០ ១៥២ សហគ្រាស៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page