Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • នៅថ្ងៃនេះ ប័ណ្ណសមាជិក ប.ស.ស ចំនួន ១២ ២៦០ ប័ណ្ណ ត្រូវបានផ្តល់ជូនដល់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃក្រសួងមហាផ្ទៃ

    ភ្នំពេញ៖ យោងតាមរបាយការណ៍របស់តំណាងថ្នាក់ដឹកនាំនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលបានលើកឡើងក្នុងពិធីប្រគល់-ទទួលប័ណ្ណ សមាជិក ប.ស.ស នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៩ នេះ បានឱ្យដឹងថា៖ រហូតពេលនេះពី ប.ស.ស បានធ្វើកិច្ចសហការតាមបណ្ដាក្រសួង ស្ថាប័ន មួយចំនួនរួចមកហើយ ក្នុងការផ្តល់ប័ណ្ណសមាជិករបស់ខ្លួន ទៅដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ហើយនៅព្រឹកនេះ ប័ណ្ណសមាជិក ប.ស.ស ចំនួន ១២ ២៦០ប័ណ្ណ ត្រូវបានបន្តផ្ដល់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៅក្រសួងមហាផ្ទៃថែមទៀត ដើម្បីឱ្យពួកគាត់ទទួលបានសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ ។

    តាមរយៈការអនុវត្តរបបសន្តិសុខសង្គមសម្រាប់វិស័យឯកជនប្រកបដោយជោគជ័យគួរជាទីមោទនកន្លងមក ប.ស.ស ត្រូវបានរាជរដ្ឋាភិបាលផ្តល់ទំនុកចិត្ត និងបានប្រគល់ភារកិច្ចបន្ថែមជាប្រតិបត្តិករតែមួយគត់ក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដែលបញ្ញត្តិនៅក្នុងព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/០៧៨ ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧។

    មកដល់ពេលនេះ ប.ស.ស បានចុះបញ្ជីមន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន សរុបចំនួន ៣១៧ ៥០៩នាក់ និងបានទៅទទួលសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស បានចំនួន ៣០ ៧២៧ ដង-នាក់ ។

    គួរបញ្ជាក់ថា ចាប់ពីដើមឆ្នាំ ២០១៨ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន បានដាក់ឱ្យដំណើការ នូវកញ្ចប់តាវកាលិករួមមាន៖
    – សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ
    – សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះចំពោះករណីសង្គ្រោះបន្ទាន់ សេវាបញ្ជូនសព
    – សេវាបង្ការសុខភាព ។

    គិតចាប់ពីពេលដំណើរការដំបូងក្នុងឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ប.ស.ស បានផ្តល់តាវកាលិកផ្នែកហានិភ័យការងារដល់ជនរងគ្រោះជាកម្មករនិយោជិតបានចំនួន ២១៧ ៩៣១នាក់ ក្នុងចំណោមកម្មករនិយោជិតជាសមាជិកចំនួន ១ ៦៣៧ ៣៤០នាក់ នៃសហគ្រាសចំនួនជាង ១២ ៥៥៤ សហគ្រាស និងសម្រាប់ផ្នែកថែទាំសុខភាព បានផ្តល់សេវាដល់កម្មករនិយោជិតចំនួន ២ ០៣០ ៣០៧ ដង-នាក់ ក្នុងចំណោមកម្មករនិយោជិតប្រមាណជាង ១ ៦១៤ ៣៣៩ នាក់ នៃសហគ្រាសចំនួនជាង ១០ ១៥២ សហគ្រាស ។

    ទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសុខុមាលភាព និងជីវៈភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និងមន្ត្រីសាធារណៈទាំងអស់ដែលជានិយោជិតរបស់រដ្ឋ ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page