Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ថវិកាប្រមាណជាង ៣៦ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូន កម្មករនិយោជិតជាស្ត្រីសម្រាលកូន ទាំងក្នុងនិងក្រៅប្រព័ន្ធ

    រាជធានីភ្នំពេញ៖  ថវិកាប្រមាណជាង ៣៦ពាន់លានរៀល ដែលត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូន កម្មករនិយោជិតជា ស្ត្រីសម្រាលកូន តាមរយៈបេឡាជាតិរបបសន្តិសុខសង្គមដូចបានលើកឡើងខាងលើនេះ គឺគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩  តែប៉ុណ្ណោះ  ។

    របាយការណ៍ ប.ស.ស បានបង្ហាញឱ្យដឹងទៀតថា៖ ក្នុងចំនួនថវិកាទាំងនោះ ត្រូវបានបើកផ្តល់ជូនដល់កម្មការិនីជាស្រ្តី សម្រាលកូនចំនួន ៨៩ ៩៦៦នាក់ មានចំនួនកូនសរុប ៩០ ៦០៥នាក់  (ស្រ្តីសម្រាលកូនភ្លោះពីរ ចំនួន ៦២៧នាក់ និងស្រ្តី សម្រាលកូនភ្លោះបី ចំនួន ៦នាក់) ។

    ការផ្តល់ជូននេះដែរ គឺក្រោយពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះសម្រាប់ស្រ្តី៖

    – សម្រាលបានកូនមួយ ទទួលបាន ៤០០ ០០០រៀល

    – សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០០ ០០០រៀល

    – សម្រាលបានកូនភ្លោះបី ទទួលបាន ១ ២០០ ០០០រៀល

    ហើយត្រូវបានបើកផ្តល់ដោយ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    ការផ្តល់ជូនកាដូពិសេសនេះ គឺដើម្បីឆ្លើយតបទៅនឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត ដែលខ្វះខាតក្នុងអំឡុងពេល សម្រាលកូន ដែលកើតចេញពីគោលនយោបាយជាតិគាំពារសង្គម ក្នុងការលើកកម្ពស់សេវាគាំពារសង្គម និងការលើក កម្ពស់កំណើនប្រជាជនកម្ពុជា ក្នុងការដោះស្រាយនូវទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត ។ គោលនយោបាយថ្មីនៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កន្លងមក និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់បងប្អូនជាកម្មករនិយោជិត និងជាពិសេសបងប្អូនកម្មការិនីជាស្ត្រីសម្រាល កូនជាច្រើន ដែលបានទទួលនូវប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលនេះ ។

    ទាំងអស់នេះ គឺសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស វៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត។

    គួរបញ្ជាក់ផងដែរថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់ស្រ្តីជាកម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលត្រូវអនុវត្តតាមសេចក្តីណែនាំខាងក្រោម៖

    ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានី ខេត្ត ក្នុងកំឡុងពេល យ៉ាងយូរ ៣ខែ មុនសម្រាលកូន។

    ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះ ដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

    ទី៣. ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូន ដំណឹងជាបន្ទាន់មកកាន់ ប.ស.ស យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។

    ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុង មូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page