Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • មន្រ្តីជំនាញនៃ ប.ស.ស. កម្ពុជា ចំនួន ៤រូប បានទៅផ្លាស់ប្តូរបទពិសោធន៍ ស្តីពីការផ្តល់សេវាស្តារនីតិសម្បទា របបសន្តិសុខសង្គមនៅវៀតណាម (VSS)

    ប្រទេសវៀតណាម៖ នៅក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អមួយ រវាងប្រទេសជិតខាងភូមិផងរបងជាមួយ ថ្មីៗនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់មន្រ្តីជំនាញនៃការិយាល័យស្តារនីតិសម្បទាចំនួន ៤រូប ទៅបំពេញទស្សនកិច្ចសិក្សា ស្តីពីការផ្តល់សេវាស្តារនីតិសម្បទារបបសន្តិសុខសង្គមនៅប្រទេសវៀតណាម (VSS) ។

    ក្នុងកំឡុងពេលនៃការបំពេញទស្សនកិច្ចសិក្សាខាងលើនេះ មន្រ្តីនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានផ្លាស់ប្តូរបទពិសោធន៍ការងារ តាមរយៈការពិភាក្សាជាមួយអង្គភាពផ្តល់សេវាស្តារនីតិសម្បទាមួយចំនួននៅប្រទេស វៀតណាមរួមមាន៖ អង្គភាពសន្តិសុខសង្គមវៀតណាម (Vietnam Social Security), ក្រសួងការងារ អតីតយុទ្ធជន និងសង្គមកិច្ច (Ministry of Labour-Invalids and Social Affairs), វិទ្យាស្ថានជាតិសុខភាពវិជ្ជាជីវៈ និងបរិស្ថាន (National Institute of Occupational and Environ-mental Health), សាខាអង្គភាពសន្តិសុខសង្គមខេត្តគ្វ័ងនីញ  និងមន្ទីរពេទ្យស្តារ លទ្ធភាពពលកម្មខេត្តគ្វ័ងនីញ ។ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទា ជាបន្តបន្ទាប់មក មន្រ្តីការិយាល័យស្តារនីតិសម្បទា នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានទទួលនូវបទ ពិសោធន៍ការងារថ្មីៗ មួយចំនួនស្តីពីការផ្តល់សេវាស្តារនីតិសម្បទា របស់របបសន្តិសុខសង្គមវៀតណាម (VSS) ដែលជា មូលដ្ឋាននៃចំណេះដឹងដ៏សំខាន់ៗល្អៗបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍ការផ្តល់សេវាស្តារនីតិសម្បទារបស់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៅកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ។

    ជាមួយគ្នានោះផងដែរ អង្គភាពនីមួយៗរបស់ប្រទេសវៀតណាម និងក្រុមការងារស្តារនីតិសម្បទានៃបេឡាជាតិរបប សន្តិសុខសង្គម បានសន្យានឹងបន្តកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការចែករំលែកបទពិសោធន៍ថ្មីៗបន្ថែមទៀតពាក់ព័ន្ធ ទៅនឹងការផ្តល់សេវាស្តារនីតិសម្បទា នេះ។

    សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានេះ មានរយៈពេលចំនួន ៥ថ្ងៃ គឺចាប់ពីថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ រហូតដល់ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅទីក្រុងហាណូយ នៃប្រទេសវៀតណាម ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page