Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ក្នុងការចូលរួមអនុវត្តផែនការសកម្មភាព “ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត” ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប.ស.ស. និងក្រសួង ស្ថាប័ន អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូសហការ នឹងបង្កើននូវកិច្ចសហការក្នុងការចូលរួមផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

    ភ្នំពេញ៖  ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក​បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ និយោជិត (ស.ផ.ក) ក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងកែសម្រួលលើសេចក្តីព្រាងលទ្ធផលការងារសម្រេចបានប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារអនុវត្តបន្ត របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិរបបសន្ដិសុខសង្គម នៅសាលប្រជុំនៃទីស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកមិញនេះ បានឱ្យថ្លែងថា៖

    ថ្វីត្បិតតែករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតមានឡើង ដែលជាកង្វល់របស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រ និងទិសដៅអនុវត្តបន្តក៏ដោយ តែយើងជឿជាក់យ៉ាងមុតមាំថា នឹងអាចជួយឱ្យប្រសើរឡើង នូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ការធ្វើដំណើររបស់បងប្អូនកម្មករនិយោជិត ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍវិស័យ សេដ្ឋកិច្ចសង្គម និងចូលរួមកាត់បន្ថយភាពក្រីក្រ របស់បងប្អូនកម្មករនិយោជិត ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល តាមរយៈសហការរវាងក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ជាមួយនឹងក្រសួង ស្ថាប័ន អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដែលមានតួនាទីសំខាន់ក្នុងការចូលរួមលើក កម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់កម្មករនិយោជិត។

    គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានធ្វើការចុះផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិតបានចំនួន ១៣២លើក នឹងមានអ្នកចូលរួមចំនួន ៧ ៨០០នាក់ នឹងបានចុះផ្សព្វផ្សាយអប់រំដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិតបានចំនួន ១៥០លើក នឹងមានអ្នកចូលរួមសរុប ចំនួន ៨ ៤៣៨នាក់ ។

    បើទោះជាយ៉ាងនេះក្ដី នៅក្នុងឆមាសទី១ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧៦៦លើក គ្រោះថ្នាក់ដោយសារថយន្តចំនួន ២០លើក (ក្នុងនោះមាន ៧លើក រថយន្តដឹកកម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង) ម៉ូតូចំនួន ៧០៥លើក ម៉ូតូសណ្ដោងរ៉ឺម៉កចំនួន ៦លើក កង់ចំនួន ៦លើក និងថ្មើរជើងចំនួន ២៩លើក ដែលមានជនរងគ្រោះសរុបចំនួន ៩៤៤នាក់ ក្នុងនោះគ្រោះថ្នាក់រហូតដល់ស្លាប់មាន ចំនួន ២៤នាក់ អ្នករបួសធ្ងន់ចំនួន ១៥៩នាក់ និងអ្នករបួសស្រាលមានចំនួន ៧៦១នាក់ ។

    ក្នុងចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទាំង ៧៦៦លើក មានបងប្អូនកម្មករនិយោជិត ក្នុងវិស័យរោងចក្រកាត់ដេរសម្លៀក បំពាក់ និងផលិតស្បែកជើង ចំនួន ៣៥៤លើក ដែលមានជនរងគ្រោះសរុបចំនួន ៥០១នាក់ (ស្លាប់ ៧នាក់ របួសធ្ងន់ ៥៣នាក់ និងរបួសស្រាល ៤៤១នាក់)  វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ១០៨លើក មានជនរងគ្រោះសរុបចំនួន ១១៧នាក់ (ស្លាប់ ១នាក់ របួសធ្ងន់ ២០នាក់ និងរបួសស្រាល ៩៦នាក់) និងវិស័យផ្សេងៗ ៣០៤លើក មានជនរងគ្រោះសរុបចំនួន ៣២៦នាក់ (ស្លាប់ ១៦នាក់ របួសធ្ងន់ ៨៦នាក់ និងរបួសស្រាល ២២៤នាក់) ។

    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា៖ ក្នុងការចូលរួមអនុវត្តផែនការសកម្មភាព “ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ចំពោះកម្មករនិយោជិត” ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បេឡាជាតិរបបសន្តិសុខសង្គម និងក្រសួង ស្ថាប័ន អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ដែលជាដៃគូសហការ ត្រូវបង្កើននូវកិច្ចសហការក្នុងការចូលរួម ផ្សព្វផ្សាយអប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់រូបភាព ក្នុងន័យចូលរួមកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលអាចធ្លាក់មកលើកម្មករនិយោជិត ឱ្យស្ថិតនៅកម្រិតទាបបំផុត ។

    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩  ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោក លោកស្រី ដែលជាអនុ ប្រធាន និងសមាជិក នៃក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃ ប.ស.ស. ៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page