Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ប្រតិភូ នៃបេឡាជាតិរបបសន្តិសុខសង្គមកម្ពុជា ចូលរួមកិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៦ នៅប្រទេសប្រ៊ុយណេ

    ប៊្រុយណេដារូសាលឹម៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូ ចូលរួមកិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៦ (36th ASSA Board Meeting) ក្រោមប្រធានបទស្តីពី “បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង៖ ឥទ្ធិពលផ្នែកនវានុវត្តន៍ របបសន្តិសុខសង្គម” ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅរាជធានីបង់ដារសិរីបេហ្គាវ៉ាន់ (Bandar Seri Begawan) នៃប្រទេសប៊្រុយណេដារូសាលឹម (Brunei Darussalam)។
    ឯកឧត្តម Dato Paduka Seri Haji Aminuddin Ihsan រដ្ឋមន្ត្រីនៃក្រសួងវប្បធម៍, យុវជន និងកីឡា នៃប្រទេសប៊្រុយណេ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៦ ព្រមទាំងមានការចូលរួមពីសំណាក់ លោកជំទាវ Nguyen Thi Minh អនុរដ្ឋមន្ត្រី អគ្គនាយកនៃអង្គភាពសន្តិសុខសង្គមវៀតណាម និងជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន, លោក Dao Viet Anh អគ្គលេខាធិការ ASSA, ថ្នាក់ដឹកនាំ និងតំណាងអង្គភាពសន្តិសុខសង្គម អាស៊ាន, តំណាងអង្គការអន្តរជាតិខាងការងារ (ILO), តំណាងសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA), និងមន្ត្រីរាជការ នៃរាជរដ្ឋាភិបាលប៊្រុយណេ ប្រមាណ ២០០នាក់ ។
    ក្នុងឱកាសនោះដែរ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានទទួល ពានរង្វាន់ ស្តីពីការផ្តល់សេវាធានារ៉ាប់រងសុខភាពសម្រាប់មន្ត្រីរាជការ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន (Health Care Scheme for Public Employees, Former Civil Servants and Veterans) ពីលោកជំទាវ Nguyen Thi Minh ប្រធានសមាគម សន្តិសុខសង្គមអាស៊ានផងដែរ។
    គួរបញ្ជាក់ផងដែរថា បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នឹងទទួលតំណែងជាអនុប្រធានបន្តវេន នៃសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) និងត្រៀមរៀបចំជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំសមាគមសន្តិសុខសង្គមអាស៊ានលើកទី៣៧ (the 37th ASSA Board Meeting) ដែលនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២០ ខាងមុខនេះ។
    គួររំលឹកផងដែរថា៖ កន្លងមក ប.ស.ស. ធ្លាប់បានទទួលពានរង្វាន់ ចំនួន ០៣លើករួចមកហើយ ដែលលើកទី០១ ទទួលបានពានរង្វាន់អង្គភាពឆ្នើមក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ (Innovation Recognition Award: Employment Injury Insurance, EII) ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) កាលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅប្រទេសសឹង្ហបុរី នាកិច្ចប្រជុំក្រុមប្រឹក្សាភិបាល (ASSA) លើកទី៣២។
    លើកទី០២ ទទួលបានពានរង្វាន់ឆ្នើមស្តីពី ការគ្របដណ្តប់ផ្នែកការធានារ៉ាប់រងសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ (INSURANCE COVERAGE EXCELLENCE AWARD ON HEALTH INSURANCE SCHEME) កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) នៅប្រទេសហ្វីលីពីន។
    លើកទី ០៣ ទទួលបានពានរង្វាន់ ស្តីពីការផ្តល់សេវាល្អសម្រាប់របបថែទាំសុខភាព (Customer Service Health Insurance Scheme) ពីសមាគមសន្តិសុខសង្គមអាស៊ាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុង Nha Trang ប្រទេសវៀតណាម៕

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page