Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • កិច្ចប្រជុំពិគ្រោះយោបយល់ត្រីភាគី លើកទី៦ លើសេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែកប្រាក់សោធន”

    ខ្លឹមសារនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី៦ ស្តីពីសេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែក ប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ” ដែលមានការចូលរួមពីភាគីតំណាងរាជរដ្ឋាភិបាល តំណាងនិយោជក និងតំណាងសហជីព សរុបប្រមាណ១០០នាក់ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    សេចក្តីព្រាងអនុក្រឹត្យ “របបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ រួមមាន១០ជំពូក និង៤១មាត្រា ដោយបែងចែកជា ៤ (បួន) ភាគ សំខាន់ៗ។ ភាគទី១ ចែងអំពីបទប្បញ្ញត្តិទូទៅ កំណត់ក្នុងជំពូកទី១ មាន ៤ (បួន) មាត្រា ចាប់ពីមាត្រា១ ដល់មាត្រា៤ ចែងអំពី គោលបំណង គោលដៅ វិសាលភាព និងនិយមន័យ ភាគទី២ ចែងអំពីបញ្ញត្តិប្រតិបត្តិ ដែលរួមមាន ៧ ជំពូក (ជំពូកទី២ ដល់ ជំពូកទី៨) មាន ៣៣មាត្រាសំខាន់ៗ (គិតចាប់ពីមាត្រា៥ ដល់មាត្រា៣៧) ដោយជំពូកទី២ ចែងអំពីស្ថាប័នមានសមត្ថកិច្ច ជំពូកទី៣ ចែងអំពីលក្ខខណ្ឌ និងនីតិវិធីនៃការ ចុះបញ្ជីក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរបបភាគទានជាកាតព្វកិច្ច ជំពូកទី៤ ចែងអំពីអត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្តិសុខសង្គមផ្នែក ប្រាក់សោធន តាមរបបភាគទានជាកាតព្វកិច្ច ជំពូកទី៥ ចែងអំពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការទាមទារ និងផ្តល់តាវកាលិកក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន តាមរបបភាគទានជាកាតព្វកិច្ច ជំពូកទី៦ ចែងអំពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនតាម របបភាគទានដោយស្ម័គ្រចិត្ត ជំពូកទី៧ ចែងអំពីសហវិធាន និងជំពូកទី៨ ចែងអំពីទោសប្បញ្ញត្តិ ភាគទី៣ ចែងអំពីអន្តរប្បញ្ញត្តិ កំណត់ក្នុងជំពូកទី ៩ មាន ៣(បី) មាត្រា គិតចាប់ពីមាត្រា៣៨, មាត្រា៣៩ និងមាត្រា៤០ និងភាគទី៤ ចែងអំពីអវសានប្បញ្ញត្តិកំណត់ក្នុងជំពូកទី ១០ មាន ១ (មួយ) មាត្រា គឺមាត្រា៤១។

    គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀត ឲ្យកាន់តែមានលក្ខណៈ ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងល្អប្រសើរឡើង មុនដាក់ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម និងរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។

    សូមបញ្ជាក់ថា៖កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page