Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ទាំងករណីសន្លប់ និងករណីគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនកម្មករនិយោជិតមានការថយចុះបើធៀបជាមួយឆ្នាំ២០១៨ ជាមួយនឹងឆ្នាំ២០១៩

    ភ្នំពេញ៖ នៅសាលប្រជុំធំ នៃបេឡាជាតិសន្តិសុខសង្គម នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត (ទ.ស.ប.ក.) និងក្រុមការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក.) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផល ការងារ សម្រេចបានឆ្នាំ២០១៩ និងទិសដៅបន្តឆ្នាំ២០២០ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស. និងជាប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក.) និងជាសមាជិកគណៈ កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

    បើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ ដែលថ្លែងឡើងដោយឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធានការិយាល័យគោលនយោបាយ នៃបេឡាជាតិសន្តិសុខសង្គម បានថ្លែងឱ្យដឹងថា៖ កន្លងមកនេះ ក្រុមការងារ ទ.ស.ប.ក. បានចុះអង្កេត និងសិក្សាស្រាវជ្រាវករណីកម្មករនិយោជិត សន្លប់ ដើម្បីស្វែងរកមូលហេតុ និងចាត់វិធានការកែលម្អលើ រោងចក្រដែលមានកម្មករនិយោជិត សន្លប់មានចំនួន ១១រោងចក្រ និងកម្មករនិយោជិតសន្លប់ចំនួន ៨៣១នាក់ ក្នុងនោះស្រី ៨២២នាក់ ។

    បើប្រៀបធៀបនឹងឆ្នាំ២០១៨ គឺមានការថយចុះចំនួន ៦រោងចក្រ ស្មើនឹង ៣៥% និងកម្មករនិយោជិតសន្លប់ថយចុះចំនួន ១ ២៧៨នាក់ ស្មើនឹង ៦១% ភាគច្រើនកម្មករនិយោជិត ដែលរងគ្រោះ គឺបានផ្តើមចេញពីកម្មករនិយោជិតសន្លប់តែពីម្នាក់ ឬពីរនាក់តែប៉ុណ្ណោះ ប៉ុន្តែគឺបានឆ្លងនូវជំងឺស្នេហ៍ហ្វូង ។

    ឯកឧត្តមប្រធានការិយាល័យបានឱ្យដឹងបន្ថែមថា៖ មូលហេតុចម្បងៗដែលបណ្តាលឱ្យមាន ករណីសន្លប់កើតមានឡើង រួមមានដូចជា បញ្ហាចិត្តសាស្ត្រសង្គម ៣៩% បញ្ហាគីមី ១៨% បញ្ហារូបសាស្ត្រ ១៨% បញ្ហាមេកានិច ៧% បញ្ហាជីវសាស្ត្រ ៧% បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ ៧% និងបញ្ហាការងារបន្ថែមម៉ោង ៤% ។

    ដោយឡែកសម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំពោះកម្មករនិយោជិត ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ បានកើតឡើងចំនួន ១ ៥៥៤ករណី (គ្រោះថ្នាក់ដោយរថយន្តចំនួន ៤៣ករណី, ដោយសារម៉ូតូចំនួន ១ ៤៣៧ករណី, រ៉ឺម៉កចំនួន ៩ករណី, កង់ចំនួន ១២ករណី, និងអ្នកថ្មើរជើងចំនួន ៥៣ករណី) ដែលមានជនរងគ្រោះចំនួន ២ ០០៦នាក់ បណ្ដាលឱ្យស្លាប់ចំនួន ៥០នាក់ របួសធ្ងន់ចំនួន ៣៤១នាក់ និងរបួសស្រាលចំនួន ១ ៦១៥នាក់។

    បើប្រៀបធៀបរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៩ ជាលទ្ធផលក្នុងឆ្នាំ២០១៩ ករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន ១៥៦ករណី ស្មើនឹង ១០% ចំណែកជនរងគ្រោះ មានការកើនឡើងចំនួន ១៤៣នាក់ ស្មើនឹង ៧% ។

    ករណីដែលបង្កឱ្យករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនេះ គឺបណ្តាលមកពីមូលហេតុចម្បងៗ មួយចំនួនដូចជា បើកបរលើសល្បឿនកំណត់ ៣៧% , និងកត្តាមិនគោរពសិទ្ធអាទិភាព ២៣% , ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ១៨% , បត់ខ្វះការប្រុងប្រយ័ត្ន ៩.២% , មិនប្រកាន់ស្ដាំ ៨% , លក្ខណៈបច្ចេកទេសយានយន្ត ៤% , និងកត្តាផ្លូវ ០.៨% ។

    ទាក់ទងទៅនឹងបញ្ហាខាងលើនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល បានជំរុញឱ្យ ក្រុមការងារ ទ.ស.ប.ក. និងក្រុមការងារ ស.ផ.ក. បន្តបង្កើនការផ្សព្វផ្សាយអប់រំបន្ថែមទៀត ដល់កម្មករនិយោជិតនៅតាមបណ្តាសហគ្រាស គ្រឹះស្ថាននានា ឱ្យមានការយល់ដឹងខ្ពស់បន្ថែម ទៀតពាក់ពន្ធ័និងស្ថានភាពប្រឈមនេះ ដើម្បីកម្មករនិយោជិតទទួលបាននូវសុខភាពដ៏ល្អប្រសើរ គ្រប់ពេលវេលា ក្នុងការជម្រុញដល់ការលើកកំពស់ជីវភាពរស់នៅដោយផ្ទាល់ក៏ដូចជារួម ចំណែកលើកកំពស់វិស័យសេដ្ឋកិច្ចកម្ពុជាឱ្យមានការីកចម្រើនឥតឈប់ឈរ។

    សូមបញ្ជាក់ថា ពិធីប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០១៩ ខាងលើ មានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព សហជីព តំណាងរោងចក្រ និងអង្គការពាក់ព័ន្ធនានា សរុបប្រមាណជាង ១៥០នាក់ ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page