Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ក្រុមប្រឹក្សាភិបាល ប.ស.ស. បើកកិច្ចប្រជុំលើកទី១ របស់ខ្លួនទៅតាមកម្មវិធីដែលបានគ្រោងទុក

    ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០ នេះ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំលើកទី១ របស់ខ្លួនតាមកម្មវិធីដែលបានគ្រោងទុកបន្ទាប់ពីបានប្រកាសសមាសភាពក្រុមប្រឹក្សាភិបាល ប.ស.ស. អាណត្តិទី១ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ កន្លងមកនេះ ។

    កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី១នេះ មានរបៀបវារៈដូចខាងក្រោម៖
    ១. ត្រួតពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃបេឡាជាតិសន្តិសុខសង្គម និងបទបញ្ជាផ្ទៃក្នុងរបស់បេឡាជាតិសន្តិសុខសង្គម
    ២. សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធី នៃការប្រជុំរបស់ក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
    ៣. ផ្សេងៗ ។

    គួររំលឹកថា ប.ស.ស. ត្រូវបានបង្កើតឡើងដំបូងដោយអនុក្រឹត្យលេខ ១៦ អនក្រ/ប្រក ចុះថ្ងៃទី ០២ ខែមីនា ឆ្នាំ២០០៧ មានឈ្មោះថា បេឡាជាតិរបបសន្តិសុខសង្គម ដែលដឹកនាំដោយក្រុមប្រឹក្សា ភិបាលចំនួន ៩រូប ហើយកន្លងទៅថ្មីៗនេះ អង្គភាពនេះត្រូវបានបានប្តូរឈ្មោះទៅជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ដឹកនាំដោយក្រុមប្រឹក្សាភិបាលចំនួន ១១រូប ជាមួយនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គមថ្មី បានអនុម័តឱ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៨ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងមានវិសាលភាពគ្រប់ដណ្តប់ លើផ្នែកចំនួន៤ រួមមាន៖
    – ផ្នែកប្រាក់សោធន
    – ផ្នែកថែទាំសុខភាព
    – ផ្នែកហានិភ័យការងារ និង
    – ផ្នែកនិកម្មភាពការងារសម្រាប់បុគ្គល ដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិត ក្រោមច្បាប់ស្តីពីការងារ រួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះព្រមទាំង បុគ្គលស្វ័យនិយោជន៍។

    សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃទីស្នាក់ការ កណ្តាលបេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១១រូប ៕

    តំណរភ្ជាប់ទៅកាន់កម្មវិធី
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ៩,២០៧ សហគ្រាស
    • ចំនួនសមាជិកសរុប ១,១៦៩,៣៦៤ នាក់
    • ចំនួនសមាជិកស្រីសរុប ៨១៧,៧១៩ នាក់
    ប.ស.ស Facebook Page