Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • បច្ចុប្បន្នស្ថានភាពកូវីដ-១៩ កំពុងមានភាពធូរស្រាល តែដោយឡែកចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានបង្ហាញពីការកើនឡើង គួរឲ្យព្រួយបារម្ភ

    ព្រះសីហនុ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ច ប្រជុំផ្សព្វផ្សាយអប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាព្រឹកមិញនេះ ឯកឧត្តម បានឲ្យដឹងថា៖ គ្រាន់តែនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ចំនួន ៣៧០ករណី បានកើតឡើងមកលើបងប្អូនកម្មករនិយោជិត ដែលបណ្តាលឲ្យមានជនរងគ្រោះចំនួន ៤០២នាក់ (ស្លាប់ ១៤នាក់ របួសធ្ងន់ ១១៩នាក់ និងរបួសស្រាល ២៦៩នាក់) ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិតមានចំនួន ៤លើក របួសសរុប ៨៨នាក់ (របួសធ្ងន់ចំនួន ១៣នាក់ និងរបួសស្រាលចំនួន ៧៥នាក់)។
    ឯកឧត្តមបានរំលឹកទៀតថា៖ ស្ថានភាពកូវីដ-១៩ នៅប្រទេសកម្ពុជា ហាក់មានការធូរស្រាល តែករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ហើយវានៅតែជាកង្វល់របស់រាជរដ្ឋាភិបាលដដែល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ ក្នុងនោះរថយន្តដឹកកម្មករនិយោជិតមួយចំនួន ត្រូវបានកែច្នៃចេញពីរថយន្តដឹកទំនិញទៅជារថយន្តដឹកកម្មករ ជាហេតុធ្វើឱ្យមិនស្របទៅតាមលក្ខណៈ បច្ចេកទេស។
    ឯកឧត្តម ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ទៀតថា៖ កន្លងមក ប.ស.ស. ដែលមានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក (ស.ផ.ក) ជាសេនាធិការ តែងតែសហការជាមួយគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលមានភារៈកិច្ចលើការងារចរាចរណ៍ ក្នុងន័យបង្កើនការផ្សព្វផ្សាយអប់រំច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនដល់បងប្អូនកម្មករនិយោជិត ពិសេសបងប្អូនដែលជាអ្នកបើកបររថយន្តដឹកកម្មករ ដើម្បីឲ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីសុវត្ថិភាពធ្វើដំណើរ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ទៅលើករណីគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកដែលបានកើតឡើងចំពោះបងប្អូនកម្មករនិយោជិតឲ្យមកនៅកម្រិតទាបបំផុត។
    ឯកឧត្តម ក៏បានសំណូមពរដល់ អ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ជាពិសេសគោរពទៅលើសីលធម៌ ១០ចំណុច ព្រមទាំងពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នាក្នុងពេលធ្វើដំណើរតាមរយៈទោចក្រយានយន្តនៅតាមដងផ្លូវ ។
    ក្នុងឱកាសជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវ ដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ និងបងប្អូនកម្មករនិយោជិតទាំងអស់ ធ្វើយ៉ាងណាត្រូវ៖
    – ចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងគ្រប់ៗគ្នា
    – សម្រាប់រថយន្តដឹកកម្មករ មិនត្រូវផ្ទុកកម្មករលើសចំណុះ
    – ត្រួតពិនិត្យយានយន្តមុនពេលចេញដំណេីរទៅដឹកកម្មករ
    – ឆៀករថយន្តជាប្រចាំ
    – អ្នកបើកបររថយន្តដឹកកម្មករទាំងអស់ ត្រូវទៅប្រឡងយកបណ្ណបើកបរឱ្យស្របតាមប្រភេទយាន
    – ចូលរួមវគ្គបណ្តុះបណ្តាលរបស់ក្រុមការងារ ប.ស.ស. ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ។
    សូមបញ្ជាក់ថា៖ ការប្រជុំផ្សព្វផ្សាយខាងលើ ប្រព្រឹត្តនាព្រឹកថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីតំណាង ស្ថាប័ន មន្ទីរ រោងចក្រ និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីបងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងកម្មករ-កម្មការិនី សរុបប្រមាណជិត ៣០០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page