Mail |
  • ភាសាខ្មែរ
  • EnglishEnglish
  • ឯកឧត្តមអគ្គនាយក ប.ស.ស. ជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្រ្តី បុគ្គលិក ប.ស.ស. គ្រប់សាខាទាំងអស់ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ឲ្យទាន់ពេលវេលា

    (ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ប្រចាំខែឧសភា កន្លងមក នាព្រឹកមិញនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការសហការដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ បើទោះបីកន្លងមកថ្នាក់ដឹកនាំមន្ត្រី បុគ្គលិកទាំងអស់បានបំពេញកិច្ចការងារ ក្នុងការបម្រើសេវាជូនសមាជិក ប.ស.ស. បានល្អប្រសើរគួរឲ្យកត់សំគាល់យ៉ាងណាក៏ដោយ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំ ប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យទៅលើសហគ្រាសខ្នាតតូច និងជំរុញឱ្យមកចុះបញ្ជីក្នុង ប.ស.ស. ឱ្យបានគ្រប់គ្នា ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។
    ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ លោក លោកស្រីជា ប្រធាន អនុប្រធាន និងមន្រ្តី បុគ្គលិក ប.ស.ស. គ្រប់សាខាទាំងអស់ចំពោះកិច្ចសហការផ្ទៃក្នុងអង្គភាពបានយ៉ាងល្អប្រសើរផងដែរ ដែលកន្លងមកបានអនុវត្ត និងបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ប.ស.ស. និងត្រូវបន្តដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលជាឧបសគ្គក្នុងការអនុវត្តការងារឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធ (Hybrid)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ១៧,៣៥៥ សហគ្រាស
    • ចំនួនសមាជិកសរុប ២,៧២៣,៨២៦ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៦៣៣,៥៨៣ នាក់
    ប.ស.ស Facebook Page