Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើប្រធានបទស្ដីពី វិស័យគាំពារសង្គម បញ្ហាប្រឈម និងអាទិភាពគោលនយោបាយ

    ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នារសៀលថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការតម្រង់ទិសអាទិភាពគោលនយោបាយ សម្រាប់ការស្តារ និងពង្រឹងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាក្នុងគន្លងនៃប្រក្រតីភាពថ្មី២០២៣ និងឆ្នាំបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
    សិក្ខាសាលាពិគ្រោះយោបល់ខាងលើ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលលើការសម្រួចអាទិភាពនៃវិស័យសំខាន់ៗ រួមមាន៖ កសិកម្ម, ឡូជីស្ទិក, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, គាំពារសង្គម ក្នុងគោលដៅស្តារ និងពង្រឹងកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈការកំណត់បញ្ហាប្រឈម កាលានុវត្តភាព និងអាទិភាព ស្របនឹង “ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
    ក្នុងឱកាសអញ្ជើញចូលរួមនេះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានផ្ដល់កិត្តិយសអញ្ជើញជាវាគ្មិន និងធ្វើបទបង្ហាញលើប្រធានបទស្ដីពី វិស័យគាំពារសង្គម បញ្ហាប្រឈម និងអាទិភាពគោលនយោបាយ ដែលក្នុងនោះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានលើកឡើងពីបញ្ហាដែល ស្ថាប័ន ប.ស.ស. បានជួបក្នុងអំឡុងវិបត្តិដ៏ធ្ងន់ធ្ងរនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលសហគ្រាស គ្រឹះស្ថានមួយចំនួនរងផលប៉ះពាល់ត្រូវបានបិទ និងផ្អាកបង់ភាគទាន ដោយឡែកការចំណាយតាវកាលិក ប.ស.ស. នៅតែបន្តជាធម្មតា ម្យ៉ាងទៀតសហគ្រាស គ្រឹះស្ថានមួយចំនួនតូចមិនទាន់យល់ពីនីតិវិធី និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម ព្រមទាំងព្យាយាមគេចវេសក្នុងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ចំណែកបុគ្គលដែលមិនទាន់ទទួលបានការគាំពារតែងតែចង់បានរបបសន្តិសុខសង្គម តែមិនចង់បង់ភាគទាន ដែលនេះជាការលំបាកក្នុងការកំណត់ផែនការអនុវត្តពង្រីកវិសាលភាពគ្របដណ្តប់។
    ទន្ទឹមនឹងបញ្ហាប្រឈមខាងលើនេះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានលើកឡើងនូវវិធានការគោលនយោបាយគន្លឹះសំខាន់ជាច្រើន និងជាអាទិភាពចម្បងដើម្បីទទួលបាននូវប្រព័ន្ធគាំពារសង្គមមួយដែលរឹងមាំក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលក្នុងនោះ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្ថិតក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងដាក់ឱ្យដំណើរការនៅក្នុងឆមាសទី២ ឆ្នាំ២០២២នេះហើយ។ ប.ស.ស. នឹងពង្រីកវិសាលភាពគ្របដណ្តប់ការថែទាំសុខភាព ទៅកាន់ (គ្រួសាររបស់សមាជិក ប.ស.ស. ,អ្នកចូលនិវត្តន៍, អ្នកធ្វើការក្នុងផ្ទះ, កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ…) ជាពិសេសពង្រឹង និងបន្តពង្រីកមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស. បន្ថែមទៀត សំដៅផ្តល់សេវាកាន់តែកៀក និងទាន់ពេលវេលា។
    បន្ថែមពីនេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍មិនថាស្ថិតក្នុងបរិបទនៃការស្តារសេដ្ឋកិច្ចឡើងវិញនេះ ក៏ដូចជាពេលកន្លងមក ដៃគូអភិវឌ្ឍន៍ទាំងអស់បានរួមចំណែកជាច្រើនជាមួយស្ថាប័ន ប.ស.ស. ក្នុងការជួយផ្តល់យោបល់ដើម្បីកែលម្អចំណុចខ្វះខាតលើផ្នែកបច្ចេកទេស, ផ្តល់ជាជំនួយហិរញ្ញវត្ថុ និងជួយបណ្តុះបណ្តាលធនធានមនុស្ស ក្នុងន័យដើម្បីពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវវិស័យគាំពារសង្គមនៅកម្ពុជា។
    សូមបញ្ជាក់ថា៖ សិក្ខាសាលាពិគ្រោះយោបល់ខាងលើ ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានអញ្ជើញចូលរួមមកពីតំណាងស្ថាប័នជាតិ អន្តរជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ សរុបប្រមាណជាង ១៥០រូប នៅសណ្ឋាគារហ្គាឌិនស៊ីធីភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.