Mail |
 • ភាសាខ្មែរ
 • English
 • បញ្ជិកា

  ១. បញ្ជិកា
  ក. សហគ្រាស គ្រឹះស្ថាន
  និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្នុងវិសាលភាពអនុវត្តនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ត្រូវមានកាតព្វកិច្ចមកចុះបញ្ជីសហគ្រាស គ្រឹះស្ថានរបស់ខ្លួននៅ ប.ស.ស. រយៈពេលយ៉ាងយូរ ៣០(សាមសិប)ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការចាប់ផ្តើមបើកសហគ្រាស គ្រឹះស្ថាន ដោយត្រូវធ្វើតាមទម្រង់ “បញ្ជិកាសហគ្រាស គ្រឹះស្ថាន” ឬហៅថាទម្រង់ “១.០១” និងភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖
  • ចំពោះនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬលិខិតតូបករណ៍គតិយុត្តសមមូលដទៃទៀត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់និយោជក ឬអ្នកតំណាង។
  • ចំពោះនិយោជក ឬម្ចាស់ផ្ទះដែលមានអ្នកបម្រើក្នុងផ្ទះ ត្រូវភ្ជាប់មកជាមួយនូវសៀវភៅស្នាក់នៅ ឬលិខិតតូបករណ៍គតិយុត្តសមមូលដទៃទៀត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់និយោជក។
  • និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចជូនដំណឹងមក ប.ស.ស. ក្នុងពេលយ៉ាងយូរ ៣០(សាមសិប)ថ្ងៃ មុនកាលបរិច្ឆេទនៃការបិទ ការព្យួរ ការបើកដំណើរការឡើងវិញ ការប្តូរទីតាំង សហគ្រាស គ្រឹះស្ថាន ឬការកែប្រែស្ថានភាពគតិយុត្តនៃនិយោជក ដោយត្រូវបំពេញតាមទម្រង់ដោយកំណត់អគ្គនាយក ប.ស.ស.
  ខ. សមាជិក ប.ស.ស.
  ខ.១. បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ
  អនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ បុគ្គលស្ថិតក្នុងវិស័យសាធារណៈរួមមាន៖
  • មន្រ្តីរាជការក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី  សហលក្ខន្តិកៈ មន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
  • មន្រ្តីរាជការដែលស្ថិតនៅក្រោមច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការ នៃក្រុមនីតិប្បញ្ញតិ្តលើកលែងផ្នែកប្រាក់សោធន
  • មន្រ្តីរាជការដែលបម្រើការងារនៅក្នុងស្ថាប័នតុលាការ
  • មន្រ្តីនគរបាលជាតិនិងមន្រ្តីពន្ធនាគារ ចំពោះតែតាវកាលិកព្យាបាលនិងថែទាំវេជ្ជសាស្រ្តក្នុងផ្នែកថែទាំសុខភាព
  • មន្រ្តីរាជការដែលបម្រើការងារនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • មន្រ្តីរាជការដែលបម្រើការងារនៅក្នុងអាជ្ញាធរសវនកម្មជាតិ
  • អតីតមន្រ្តីរាជការស៊ីវិលនិងអតីតយុទ្ទជន
  • មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការនៅតាមក្រសួង ស្ថាប័ន អង្គភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ
  • បុគ្គលនៃវិស័យសាធារណៈផ្សេងទៀត ដែលត្រូវកំណត់ដោយអនុក្រឹត្យ។
  ខ.២. បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ 
  និយោជកមានកាតព្វកិច្ចចុះបញ្ជីកម្មករនិយោជិតរបស់ខ្លួនជាសមាជិក ប.ស.ស. ដើម្បីទទួលបានការគាំពារតាមរយៈរបបសន្តិសុខសង្គមយ៉ាងយូរ ៣ថ្ងៃ ក្រោយថ្ងៃចូលធ្វើការ លើកឡែងតែកម្មករនិយោជិតដែលមានប័ណ្ណសមាជិក ប.ស.ស. រួចហើយ។
  ចំពោះបុគ្គលទាំងឡាយស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ រួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះមានកាតព្វកិច្ចចូលរួមភាគទានរបបសន្តិសុខសង្គមទាំង ៤ផ្នែក រួមមាន៖
  ១/.ផ្នែកប្រាក់សោធន
  ២/.ផ្នែកថែទាំសុខភាព
  ៣/.ផ្នែកហានិភ័យការងារ
  ៤/.ផ្នែកនិកម្មភាពការងារ។
  ដើម្បីអាចចុះធ្វើ ប័ណ្ណសមាជិក ប.ស.ស. បាន និយោជកត្រូវបញ្ជូនកម្មករនិយោជិតមកស្នាក់ការ ប.ស.ស. ដែលជិតបំផុត ដោយភ្ជាប់ឯកសារដូចជា៖
  – កម្មករនិយោជិតសញ្ញាតិខ្មែរ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតបញ្ជាក់ការងារនិយោជក
  – កម្មករនិយោជិតជនបរទេស ៖ លិខិតឆ្លងដែន និងលិខិតបញ្ជាក់ការងារពីនិយោជក
  ខ.៣. បុគ្គលស្វ័យនិយោជន៍
  បុគ្គលស្វ័យនិយោជន៍ ដែលមានអាយុមិនលើសពី៦០(ហុកសិប)ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះបញ្ជី មានសិទ្ធិចុះបញ្ជីក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដោយត្រូវបំពេញសលាកប័ត្រព័ត៌មានសមាជិក ប.ស.ស. និងសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
  ខ.៤. អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងបុគ្គលស្វ័យនិយោជន៍ 
  សមាជិក ប.ស.ស. ជាបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងបុគ្គលស្វ័យនិយោជន៍ ដែលកំពុងបង់ភាគទាន មានសិទ្ធិស្នើសុំចុះបញ្ជីអ្នកក្នុងបន្ទុកខ្លួនក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត។
  សហព័ន្ធរបស់សមាជិក ប.ស.ស. អាចស្នើសុំចុះបញ្ជីក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត លុះត្រាតែពុំមែនជាសមាជិក ប.ស.ស. ក្នុងវិស័យសាធារណៈ ឬបុគ្គល ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ ឬបុគ្គលស្វ័យនិយោជន៍។
  បែបបទនៃការចុះបញ្ជីត្រូវភ្ជាប់ជាមួយនូវឯកសារដូចខាងក្រោម៖
  ១. ចំពោះសហព័ទ្ធ
  • សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្ដីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
  • អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
  ២. ចំពោះកូនក្នុងបន្ទុក
  • សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត
  • និង/ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
  • សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
  ក្នុងករណីអ្នកក្នុងបន្ទុកមានចំនួនចាប់ពី២(ពីរ)នាក់ឡើង ដែលបំពេញគ្រប់លក្ខខណ្ឌ ការស្នើសុំចុះបញ្ជីតម្រូវឲ្យចុះទាំងអស់។
  បណ្ណសមាជិក ប.ស.ស. ត្រូវផ្ដល់ជូនដោយឥតគិតថ្លៃ។ ក្នុងករណីបាត់ ឬខូចខាត សមាជិក ប.ស.ស. ត្រូវស្នើសុំបណ្ណទុតិយតាយ៉ាងយូរ៣០(សាមសិប)ថ្ងៃ បន្ទាប់ពីបាត់ ឬខូចខាត ដោយសាមីជនត្រូវបង់ប្រាក់ចំនួន ៥ ០០០(ប្រាំពាន់)រៀល ជូនទៅ ប.ស.ស.

  មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

  ព័ត៌មានសំខាន់ៗ
  ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
  • ២១,៤៣០ សហគ្រាស
  • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
  • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
  ទំព័របណ្ដាញសង្គម ប.ស.ស.