Mail |
 • ភាសាខ្មែរ
 • English
 • ភាគទាន

  ១. ភាគទាន
  ១.១. បុគ្គលនៃវិស័យសាធារណៈ និងបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ
  ការបង់ភាគទានសម្រាប់បុគ្គលនៃវិស័យសាធារណៈ និងបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវធ្វើឡើងជាប្រចាំខែ ឬប្រចាំឆ្នាំ ដោយយកប្រាក់រៀលជាគោល និងយកអត្រាប្តូរប្រាក់មធ្យមប្រចាំខែដោយផ្អែកតាមអត្រាប្ដូរប្រាក់ធនាគារជាតិនៃកម្ពុជា ដែលជូនដំណឹងដោយ ប.ស.ស.
  និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវបង់ភាគទានមក ប.ស.ស. យ៉ាងយូរបំផុតត្រឹម ថ្ងៃទី១៥ និងការដាក់ឯកសារយ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់។ ការមិនព្រមបង់ភាគទាន ឬការបង់ភាគទានក្រោយថ្ងៃទី៣០ ត្រូវចាត់ទុកជាការមិនបង់ភាគទាន។ ករណីនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន មិនបង់ភាគទានក្នុងរបបសន្តិសុខសង្គមនីមួយៗ ត្រូវទទួលការពិន័យអន្តរការណ៍ដូចមានកំណត់នៅក្នុងមាត្រា៩៨ នៃច្បាប់ស្ដីពីរបបសន្តិសុខសង្គម។
  ប្រាក់ឈ្នួលជាប់ភាគទានអប្បបរមាត្រូវកំណត់ស្មើនឹងចំនួន ៤០០ ០០០(បួនសែន)រៀល និងប្រាក់ឈ្នួលជាប់ភាគទានពិតានស្មើនឹងចំនួន ១ ២០០ ០០០(មួយលានពីរសែន)រៀល។
  ប្រាក់ឈ្នួលជាប់ភាគទានគឺជាប្រាក់ឈ្នួលរបស់កម្មករនិយោជិតដែលតម្រូវឲ្យជាប់ភាគទានតាមច្បាប់ ឬប្រាក់ធនលាភរបស់កម្មករនិយោជិតដែលបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ចាប់ពី២០%(ម្ភៃភាគរយ)ឡើង ឬប្រាក់សោធនរបស់កម្មករនិយោជិតដែលតម្រូវឲ្យជាប់ភាគទានផ្នែកថែទាំសុខភាព។
  និយោជកដែលបង់ភាគទានប្រចាំឆ្នាំ ត្រូវមានកាតព្វកិច្ចផ្តល់របាយការណ៍តាមកាលកំណត់ដូចខាងក្រោម៖
  ១- ករណីមិនមានចលនាចេញ-ចូលបុគ្គលិករបស់ខ្លួន ត្រូវរាយការណ៍រៀងរាល់ ១២ខែម្តង។
  ២- ករណីមានចលនាចេញ-ចូលបុគ្គលិករបស់ខ្លួន ត្រូវរាយការណ៍រៀងរាល់ ១៥ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃបម្រែបម្រួល។
  របាយការណ៍អំពីចំនួនកម្មករនិយោជិត ត្រូវបញ្ជាក់អំពីចំនួនកម្មករនិយោជិតទាំងអស់ដែលមាននៅក្នុងខែដែលត្រូវរាយការណ៍ ដោយត្រូវធ្វើតាមទម្រង់ “របាយការណ៍កម្មករនិយោជិត” ឬហៅថា E-Form
  ១.២. អ្នកក្នុងបន្ទុកសម្រាប់សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ
  ភាគទាននៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលម្នាក់ៗដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ត្រូវកំណត់ស្មើនឹង ១,៤% (មួយក្បៀសបួនភាគរយ) នៃប្រាក់ចំណូលជាប់ភាគទានរបស់សមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ។ ប្រាក់ចំណូលជាប់ភាគទានត្រូវកំណត់ស្មើនឹង ៨៧០ ០០០(ប្រាំបីរយចិតសិបពាន់)រៀល។
  ភាគទាននៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ដែលជាបន្ទុករបស់សាមីជន ត្រូវរ៉ាប់រងបង់ជំនួសដោយរាជរដ្ឋាភិបាល រហូតដល់មានការសម្រេចថ្មី។
  ១.៣. បុគ្គលស្វ័យនិយោជន៍ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាបុគ្គលទាំងឡាយដែលស្ថិត នៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងបុគ្គលស្វ័យនិយោជន៍
  ភាគទាននៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលម្នាក់ៗដែលជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងបុគ្គលស្វ័យនិយោជន៍ ត្រូវកំណត់ស្មើនឹង ២,៦% (ពីរក្បៀសប្រាំមួយភាគរយ) នៃប្រាក់ចំណូលជាប់ភាគទានរបស់សាមីជន។ ប្រាក់ចំណូលជាប់ភាគទាន ត្រូវកំណត់ស្មើនឹង ៦០០ ០០០ (ប្រាំមួយរយពាន់)រៀល។
  បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាបុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងបុគ្គលស្វ័យនិយោជន៍ អាចធ្វើការបង់ភាគទានដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធនៃធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA), ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA), និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) ឬតាមរយៈកម្មវិធី NSSFPilotScheme។

  មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

  ព័ត៌មានសំខាន់ៗ
  ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
  • ២១,៤៣០ សហគ្រាស
  • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
  • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
  ទំព័របណ្ដាញសង្គម ប.ស.ស.