Mail |
  • ភាសាខ្មែរ
  • English
  • ពិធីផ្សព្វផ្សាយស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន លើកដំបូង បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. ក្នុងឱកាសដែល ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អញ្ជើញជា អធិបតីបើកពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គល ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាព្រឹកមិញនេះ ឯកឧត្តមបណ្ឌិតរដ្ឋ មន្រ្តីបានថ្លែងថា៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺជារបបសន្តិសុខសង្គមថ្មី និងជាប្រវត្តិ សាស្រ្តសម្រាប់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ដល់ស្ថិរភាពនៃប្រាក់ចំណូលរបស់បងប្អូន កម្មករនិយោជិតនៃវិស័យឯកជន បានសម្រេចបង្កើតឱ្យមានរបបសន្តិសុខសង្គមមួយនេះឡើង។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្តទៀតថា៖ ដើម្បីឱ្យបងប្អូនកម្មករនិយោជិត និងសាធារណជន ទាំងអស់បានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបើកយុទ្ធនាការចំនួន ៩០ថ្ងៃ សម្រាប់ធ្វើការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត នៃវិស័យឯកជនទាំងអស់ឱ្យបានដឹងពី កាតព្វកិច្ច និងអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាល បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ដល់ ស្ថិរភាពនៃប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិតនៃវិស័យឯកជន បន្ទាប់ពីរបបសន្ដិសុខ សង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារខាងលើ ទទួលបានការអនុម័តយល់ព្រមដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី បានបន្តទៀតថា៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គល ទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនេះ បានកំណត់យ៉ាងច្បាស់នៅក្នុង អនុសាសន៍ទី៧ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៃអនុសាសន៍ទាំង១០ ក្នុងអំឡុងពេលនៃការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិតរយៈពេល ២ឆ្នាំ កាលពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០១៩ ដែលនេះបង្ហាញឱ្យច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងជាការឆ្លើយតបក្នុងការអនុវត្តយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាលដែលបានកំណត់អំពីការដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះ សម្រាប់កម្មករនិយោជិតវិស័យឯកជន ក៏ដូចជាឆ្លើយតបយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី បានបន្ថែមទៀតថា៖ ដោយសារវិបត្តិកូវីដ-១៩ ដែលជាវិបត្តិសកលបាន អូសបន្លាយអស់រយៈពេល ២ឆ្នាំកន្លងទៅ បណ្ដាលឱ្យវិស័យការងារកម្ពុជាជួបនូវបញ្ហាប្រឈមជា ច្រើន ដែលពុំអាចដាក់ឱ្យអនុវត្តរបបសន្ដិសុខសង្គមមួយនេះបាន ជាមួយគ្នានេះតាមរយៈការដឹក នាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការទប់ស្កាត់ដោយជោគជ័យ លើការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធសាស្រ្ត នៃការចាក់វ៉ាក់សាំង ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍ ឈានដល់ការបើកដំណើរការឡើង វិញលើគ្រប់វិស័យប្រកដោយភាពជោគជ័យ ជាមួយនឹងសុខសន្ដិភាពដែលគ្របដណ្ដប់ពេញផ្ទៃ ប្រទេស ព្រមទាំងស្ថិរភាពនយោបាយយ៉ាងល្អប្រសើរ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ជាពិសេសការអភិវឌ្ឍប្រទេសក្នុងដំណាក់ កាលក្រោយវិបត្តិកូវីដ-១៩ ទើបមានឱកាសដាក់ឱ្យដំណើរការរបបសន្ដិសុខសង្គមផ្នែកប្រាក់ សោធននេះជាផ្លូវការ។
    តាមរយៈពិធីផ្សព្វផ្សាយខាងលើនេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី សង្ឃឹមជឿជាក់ថា យុទ្ធនាការ ៩០ថ្ងៃ នៃការផ្សព្វផ្សាយអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះ នឹងអាចធ្វើឱ្យនាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ទាំងអស់ បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីការចូលរួមអនុវត្តកាតព្វកិច្ចស្របតាម ច្បាប់ស្តីពីរបបសន្តិសុខសង្គមពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាង ការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច ជាពិសេសថ្នាក់ ដឹកនាំក្រសួង មន្ទីរ អង្គភាព ចំណុះឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ បន្ទាប់ពី យល់ដឹងពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយបន្តទៅកាន់ នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជន នៅក្នុងមូលដ្ឋានរបស់ខ្លួន។

    សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារខាងលើ ផ្ដល់កិត្តិយសធ្វើបទ បង្ហាញដោយ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំ A នៃទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានវត្តមានអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអង្គភាពចំណុះក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាជិក សមាជិកា សរុបចំនួន ៣៤១នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.