Mail |
  • ភាសាខ្មែរ
  • English
  • សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ត្រូវបានកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៦ អាណត្តិទី១ លើកយកមកពិភាក្សា និងអនុម័ត

    (ភ្នំពេញ)៖ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បន្ទាប់ពីប្រជុំត្រួតពិនិត្យ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមការងារកិច្ចការច្បាប់នៃ ប.ស.ស. រួចរាល់កន្លងមក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៊ិត  សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី១៦ អាណត្តិទី១ បានលើកយកមកពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែម ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យមួយនេះកាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា៖ ការពង្រីកវិសាលភាពទៅលើរបបសន្តិសុខសង្គមទាំងពីរផ្នែកសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ តាមរយៈសេចក្តីព្រាងអនុក្រឹត្យមួយនេះ ជាការបំពេញបន្ថែមលើចំណុចខ្វះខាតដែលមានចែងនៅក្នុងច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលការពង្រីកវិសាលភាពនេះ មានសារៈសំខាន់ក្នុងការផ្ដល់នូវការគាំពាររបបសន្ដិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស. ដល់មន្រ្តីនយោបាយគ្រប់ជាន់ថ្នាក់ គ្រប់និន្នាការនយោបាយដោយគ្មានការរើសអើងឡើយ ជាពិសេសនោះ គឺក្រុមប្រឹក្សារាជធានី  ខេត្ត  ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្ដីភូមិ ដែលជាអ្នកផ្ដល់សេវាដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានដាក់សំណើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ពិនិត្យ និងពិភាក្សា លើវិសាលភាពនៃសេចក្ដីព្រាងអនុក្រឹត្យនេះ និងបានរួមមតិសម្រេចអនុម័តលើការពង្រីកវិសាលភាពក្នុងការអនុវត្តចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈដែលមានជាអាទិ៍៖ (១). មន្ត្រីកម្រិតនយោបាយ ឬទីប្រឹក្សា ឬជំនួយការ ដែលមិនស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ហើយមានតួនាទីឬឋានៈស្មើអនុរដ្ឋលេខាធិការឡើង (២). ទីប្រឹក្សា ឬជំនួយការដែលមានឋានៈចាប់ពីអគ្គនាយកចុះ ដែលទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ និងមិនស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា (៣). សិស្សមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល (៤). សិស្សសាលាភូមិន្ទចៅក្រម សិស្សសាលាភូមិន្ទក្រឡាបញ្ជី (៥).គរុនិស្សិត គរុសិស្សកំពុងទទួលការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ (៦). មន្រ្តីសង្ឃដូចមានចែងក្នុងអនុក្រឹត្យលេខ១៦២ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ស្តីពីគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង (៧). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ។ ដោយឡែកចំពោះទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំងដោយពុំទទួលប្រាក់បំណាច់មុខងារមិនស្ថិតនៅក្នុងវិសាលភាពនៃអនុក្រឹត្យនេះឡើយ។
    បន្ទាប់ពីអង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែសម្រួលយ៉ាងយកចិត្តទុកដាក់ពេញមួយព្រឹកកន្លងមកនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានសម្រេចឯកភាពអនុម័តទាំងស្រុងលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ដែលមាន៤ជំពូក ៧មាត្រា និងរៀបចំដាក់ឆ្លងជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំលើកទី១៦ អាណត្តិទី១ នៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ខាងលើប្រព្រឹត្តិទៅនៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. សរុបចំនួន ៩រូប និងសមាជិក សមាជិកាជាច្រើនរូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.