Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ក្នុងរាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបានថ្លែងថា៖ ប.ស.ស. កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការហ្គ្រេត (GRET) ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលគម្រោងសាកល្បងនេះ ធ្វើឡើងជំហានដំបូងសម្រាប់តែបុគ្គលស្វ័យនិយោជន៍ (អ្នកបើកបរត្រីចក្រយានយន្ត) ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតែប៉ុណ្ណោះ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានបន្តទៀតថា៖ ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ នាពេលនេះ នឹងក្លាយជាយន្តការសិក្សាសម្រាប់ការពង្រីក នៃការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់គ្រប់បុគ្គលស្វ័យនិយោជន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ហើយនេះគឺជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមកម្ពុជាផងដែរ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានឱ្យដឹងទៀតថា៖ កន្លងមក បេឡាជាតិសន្តិសុខសង្គម និងអង្គការហ្គ្រេត ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានសហការអនុវត្តគម្រោងមួយដែលមានឈ្មោះថា គម្រោង SPIN ដែលគម្រោងមួយនេះ ទទួលបានសមិទ្ធផលការងារជាច្រើនដូចជា (១). ការអភិវឌ្ឍកម្មវិធីតាមគេហទំព័រ (២). ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុ (៣). ការអភិវឌ្ឍមជ្ឈមណ្ឌលព័ត៌មាននៃ ប.ស.ស. និង (៤). យុទ្ធសាស្ត្រនៃការផ្សព្វផ្សាយ។
    ឯកឧត្តមអគ្គនាយក បានសម្តែងនូវការអរគុណ ចំពោះដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិទាំងអស់ ពិសេសអង្គការហ្គ្រេត (GRET) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) រួមទាំងអង្គការ និងដៃគូអភិវឌ្ឍន៍នានា ដែលបានផ្តល់កិច្ចសហការជាមួយ ប.ស.ស. ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍផ្នែកធនធានមនុស្ស ផ្នែកបច្ចេកទេស រួមទាំងផ្នែកហិរញ្ញវត្ថុផងដែរ ដើម្បីឱ្យ ប.ស.ស. អាចពង្រីកវិសាលភាពរបស់ខ្លួនកាន់តែពេញលេញគ្របដណ្តប់លើការអនុវត្តរបបសន្តិសុខសង្គម ប្រកបដោយភាពជោគជ័យរហូតមមកដល់ពេលនេះ។
    ឯកឧត្តមអគ្គនាយក បានស្នើដល់បងប្អូនជាអ្នកបើកបរត្រីចក្រយានយន្ត និងសមាជិក ប.ស.ស. ទាំងអស់ សូមលើកឡើងឱ្យចំៗចំពោះបញ្ហាប្រឈមនានានៅពេលទៅប្រើប្រាស់សេវា ប.ស.ស. និងអាចទាក់ទងមក ប.ស.ស. តាមរយៈមន្រ្តី-បុគ្គលិក ប.ស.ស. ដោយផ្ទាល់ ឬតាមលេខទំនាក់ទំនង ១២៨៦ (អាចខលចូលដោយឥតគិតថ្លៃគ្រប់ប្រព័ន្ធពេញ ២៤ម៉ោង) ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ ប.ស.ស. ដើម្បីអាចឱ្យ ប.ស.ស. ងាយស្រួលដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
    លោក Emmanuel Dollfus នាយករងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ក្នុងឱកាសជាមួយគ្នានេះ លោកបានលើកឡើងថា៖ ការដាក់ឱ្យអនុវត្តគម្រោងសាកល្បងនាពេលនេះ គឺជាសមិទ្ធផលថ្មីសម្រាប់ ប.ស.ស. ដែលអាចពង្រីកបន្ថែមលើការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ហើយគម្រោងសាកល្បងនេះ គឺប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់ការចុះឈ្មោះចូលក្នុងប្រព័ន្ធ ប.ស.ស.។
    លោក Emmanuel Dollfus បានបន្តថា៖ ក្នុងនាមលោកតំណាងឱ្យទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះកិច្ចសហប្រតិបត្តិការជាមួយ ប.ស.ស. កម្ពុជា និងបានធ្វើការងាររួមគ្នាលើគម្រោងជាច្រើន ហើយការសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងនេះ អាចជាគំរូសម្រាប់ការអនុវត្ត ទៅលើក្រុមគោលដៅផ្សេងៗទៀតក្នុងការទទួលបានការគាំពារផ្នែកថែទាំសុខភាពនាពេលខាងមុខផងដែរ។
    នាយករងអង្គការហ្គ្រេត (GRET) លោក Damien Thibault ក្នុងឱកាសជាមួយគ្នានេះ លោកបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ប.ស.ស. កម្ពុជា ដែលបានអនុវត្តយ៉ាងជោគជ័យលើវិស័យសន្តិសុខសង្គម ដោយទទួលបានការសាទរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងអង្គការជាតិ និងអន្តរជាតិ និងបណ្តាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

    សូមបញ្ជាក់ថា៖ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ប្រព្រឹត្តិទៅពេញមួយព្រឹក នៅសាលប្រជុំសន្តិភាពទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីតំណាងអង្គការជាតិ-អន្តរជាតិ, តំណាងសមាគមនានា និងបងប្អូនអ្នកបើកបរត្រីចក្រយានយន្ត រួមទាំងបងប្អូនអ្នកបម្រើក្នុងផ្ទះសរុបប្រមាណជាង ៣០០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.