Mail |
  • ភាសាខ្មែរ
  • English
  • សិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងនៅព្រឹកនេះ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួមអមឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបេីកសិក្ខាសាលាត្រីភាគីថ្នាក់ជាតិ ស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យ ប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) សរុបប្រមាណ ១៣០នាក់ នៅសណ្ឋាគារភ្នំពេញ។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសឈានមុខ ក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលរហូតមកដល់ពេលនេះបានចំនួន៥ ដំណាក់កាលរួចមកហើយ សម្រាប់កម្មវិធីឆ្នាំ២០១៩-២០២៣ ដែលគោលដៅអាទិភាពសំខាន់ៗទាំង៣ សម្រេចបានលទ្ធផលគួរជាទីមោទនៈ ដែលមានចំណុចមួយដែលជាកិច្ចការងាររបស់ ប.ស.ស. ដែលខិតខំប្រឹងប្រែងបច្ចុប្បន្ននេះ គឺការពង្រឹង និងពង្រីកកិច្ចគាំពារសង្គម៖ ស្ត្រី បុរស យុវជន និងក្រុមជនងាយរងគ្រោះកម្ពុជាកាន់តែច្រើន មានការងារធ្វើប្រកបដោយសុខភាព និងសុវត្ថិភាព និងទទួលបានប្រយោជន៍ពីសេវាគាំពារសង្គមប្រកបដោយចីរភាព តម្លាភាព និងសមធម៌។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្ដី ក៏បានសម្តែងនូវអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការអន្តរជាតិខាងការងារ ដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា និងបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក បងប្អូនកម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនពលករខ្មែរនៅក្រៅប្រទេស កាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ មុខរបរ និងការងារ និងកិច្ចគាំពារសង្គម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលរំពឹងថានឹងមានកំណើន ៥,៦%។
    សូមបញ្ជាក់ថា៖សិក្ខាសាលាត្រីភាគីថ្នាក់ជាតិខាងលើមានគោលបំណង ពិនិត្យលើវឌ្ឍនភាពដែលទទួលបានពីការអនុវត្តក្នុងកម្មវិធីការងារសមរម្យក្នុងឆ្នាំ២០២២ ដោយអង្គការអន្តរជាតិខាងការងារ និងដៃគូត្រីភាគីរបស់ខ្លួនរួមមាន៖ (ក) សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០២២ ធៀបនឹងសូចនាករលទ្ធផល និងគោលដៅដែលបានបង្កើតឡើង ក៏ដូចជាចំណុចដៅសំខាន់ៗដែលមានចែងក្នុងឯកសារកម្មវិធីការងារសមរម្យ រួមទាំងការកែសម្រួលជាបន្តបន្ទាប់ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ (ខ) បង្ហាញនូវចំណុចអាទិភាពសំខាន់ៗសម្រាប់ទិសដៅអនុវត្តឆ្នាំ២០២៣ ការងារសមរម្យប្រចាំប្រទេសឆ្នាំ២០១៩-២០២៣ (គ) ចែករំលែក និងពិភាក្សាអំពីបញ្ហាប្រឈម និងមេរៀនដកពិសោធន៍ការងារសមរម្យក្នុងឆ្នាំ២០២២ (ឃ) ការលើកកម្ពស់ការយល់ដឹងអំពីដំណើរការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេស ក្នុងគោលបំណង បង្កើនការចូលរួម និងការគាំទ្រពេញទំហឹងពីសមាជិករបស់អង្គការអន្តរជាតិខាងការងារ និង (ង) បង្ហាញ និងអនុម័តលើផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាថ្មី សម្រាប់ឆ្នាំ២០២៤-២០២៨ ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.