Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន៖ អគារស្នាក់ការកណ្តាល ប.ស.ស. ថ្មីជាអគារបែបទំនើប ដែលអាចបម្រើទៅដល់ការអនុវត្តការងារប្រចាំថ្ងៃ និងផ្តល់ទំនុកចិត្តជូនសមាជិករបស់ខ្លួន

    ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកោតសរសើរចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទទួលបាននូវសំណង់អគារដ៏ធំស្កឹមស្កៃមានកម្ពស់២១ជាន់ បំពាក់ទៅដោយប្រព័ន្ធគ្រប់គ្រងអគារបែបទំនើប ក្នុងការបម្រើទៅដល់ការអនុវត្តការងារប្រចាំថ្ងៃ ជាពិសេសការផ្តល់សេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ហើយសមិទ្ធផលទាំងនេះ កើតចេញពីម្លប់នៃសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។
    ការថ្លែងកោតសរសើរខាងលើនេះ ស្ថិតក្នុងឱកាសដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការកណ្តាល ប.ស.ស. ថ្មី នៅព្រឹកថ្ងៃទី៦ ខែកក្កដដា ឆ្នាំ២០២៣នេះ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងបន្តថា៖ អគារដ៏ធំស្កឹមស្កៃនេះ គឺជាវឌ្ឍនភាពដែលកើតចេញ ពីការខិតខំប្រឹងប្រែងរបស់ ថា្នក់ដឹកនាំ អង្គភាព ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសគឺឯកឧត្ដម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក ប.ស.ស. ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដឹកនាំអង្គភាពមួយនេះ តាំងពីថ្ងៃកកើតដំបូងរហូតដល់បច្ចុប្បន្ន និងសម្រេចបានជាលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព ចីរភាព សមធម៌ និងបរិយាបន្ន ក្រោមការចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែចាត់ទុកការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ ក្នុងបច្ចុប្បន្ន និងសម្រាប់អនាគត។
    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្តទៀតថា៖ ប្រព័ន្ធគាំពារសង្គមកម្ពុជា គឺជាសរសរស្ដមដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយប្រកបដោយភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសឱ្យមានភាពធនរឹងមាំ និរន្តរភាពសមធម៌ និងបរិយាបន្ន ព្រមទាំងជួយអភិវឌ្ឍន៍សង្គមជាតិ ស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាល។ ហេីយក្នុងក្របខណ្ឌជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ បានកំណត់យកអភិបាលកិច្ចល្អជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងប្រព័ន្ធគាំពារសង្គម ព្រមទាំងមានការកំណត់ដោយបែងចែកមុខងារស្ថាប័នពាក់ព័ន្ធជា៣កម្រិតដោយរួមមាន៖ (១).កម្រិតគោនយោបាយ (២).កម្រិតនិយ័តករ និង (៣).កម្រិតប្រតិបត្តិករ ដែលក្នុងនោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាប្រតិបត្តិករក្នុងការអនុវត្តប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាផងដែរ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា៖ អគារស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ថ្មីនេះមានកម្ពស់ ២១ជាន់ មានទំហំ ៥៤ ០០៣ម៉ែត្រក្រឡា នៅលើទីតាំងដីដែលមានផ្ទៃក្រឡាសរុប ៣០ ៣១៣ម៉ែត្រក្រឡា ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ, ប្រព័ន្ធគ្រប់គ្រងអគារ, ប្រព័ន្ធត្រជាក់, ប្រព័ន្ធគ្រប់គ្រងទឹក, អគ្គីសនី, ប្រព័ន្ធគ្រប់គ្រងសាលប្រជុំ, ប្រព័ន្ធគ្រប់គ្រងទិន្នន័យ, គ្រឿងសង្ហារឹម និងហេដ្ឋារចនាសម្ព័ន្ធជុំវិញអគារ សួនរុក្ខជាតិ ព្រមទាំងផ្លូវបេតុងខាងមុខប្រវែង ១ ០៤០ម៉ែត្រ ដើម្បីឱ្យស្របតាមកំណើនទំហំការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងអាចធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការផ្តល់សេវា និងអត្ថប្រយោជន៍ជូនសមាជិកខ្លួន។
    ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានលើកឡើងទៀតថា៖ អគារស្នាក់ការកណ្តាល ប.ស.ស. ថ្មីនេះ ជាសមិទ្ធិផលរបស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសន្តិសុខសង្គមកាន់តែរឹងមាំ ទូលំទូលាយ ប្រកបដោយនិរន្តភាព ដើម្បីជាប្រយោជន៍ដល់កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងប្រជាពលរដ្ឋដែលស្ថិតក្នុងវិសាលភាពនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។ អគារស្នាក់ការ ប.ស.ស. ដ៏ល្អនេះជាកេរ្តិ៍ដំណែលនៃសម័យតេជោសម្រាប់ជំនាន់ក្រោយប្រើប្រាស់និងអភិវឌ្ឍបន្ត។

    ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានបន្តទៀតថា៖ ស្របពេលមានភាពរីកចម្រើន ដោយឈរលើមូលដ្ឋានសមិទ្ធផលចម្បងៗ ដែលបានសម្រេចដោយជោគជ័យយ៉ាងត្រចះត្រចង់កន្លងមក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ទិសដៅជាយុទ្ធសាស្ត្រដូចខាងក្រោម ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមដូចជា៖
    ១-បន្ដពង្រឹងប្រព័ន្ធសន្ដិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការពង្រឹងបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    ២-បន្ដអនុវត្តគោលនយោបាយតម្រូវ ឱ្យនិយោជកមានកាតព្វកិច្ចបង់ភាគទានជំនួសកម្មករនិយោជិត ១០០% សម្រាប់របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពនិងបន្ដសិក្សាសមិទ្ធិលទ្ធភាពរៀបចំដាក់ឱ្យដំណើរការផ្នែកនិកម្មភាពការងារ។
    ៣-បន្ដអនុវត្តគោលនយោបាយរដ្ឋបង់ភាគទានជំនួសមន្ដ្រីសាធារណៈ ចំពោះរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោជន និងបង់ជំនួសអតីតមន្ដ្រីរាជការ និងអតីតយុទ្ធជនព្រមទាំងអ្នកនៅក្នុងបន្ទុកចំពោះរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព។
    ៤-រៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តដើម្បីពង្រីកវិសាលភាពនៃការអនុវត្តរបបសន្ដិសុខសង្គមដល់សហគ្រិន និងកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកស្ម័គ្រចិត្តដទៃផ្សេងទៀត។
    ៥-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រីកការគ្របដណ្ដប់របបសន្ដិសុខសង្គមដល់បុគ្គលក្នុងវិស័យសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក។
    ៦.ជំរុញការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងមន្ត្រីរបស់បេឡាជាតិសន្តិសុខសង្គម ក្នុងការសិក្សាគោលនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍ និងពង្រីករបបសន្តិសុខសង្គម និងការរៀបចំផែនការវិនិយោគមូលនិធិសន្តិសុខសង្គម ដែលផ្តល់ផលប្រយោជន៍ដល់សមាជិកបេឡាជាតិសន្តិសុខសង្គម។
    សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការកណ្ដាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំពាក់គ្រឿងឥស្សរិយយសការងារជូនដល់ថ្នាក់ដឹកនាំ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំ ប.ស.ស. ដែលមានស្នាដៃក្នុងការបំពេញការងារជូនអង្គភាពមួយនេះផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.