Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិសន្ដិសុខសង្គម បើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “វិធីសាស្ត្រ ប្រមូលភាគទានតាមវិធីសាស្ត្រតាមបទពិសោធន៍”

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “វិធីសាស្ត្រប្រមូលភាគទានតាមវិធីសាស្ត្រតាមបទពិសោធន៍” ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការធ្វើបទបង្ហាញពីគ្រូឧទេ្ទសលោក PAGUMAN SINGH អ្នកជំនាញការអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានសិក្ខាកាមមកពីតំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា តំណាងក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃបេឡាជាតិសន្តិសុខសង្គម សរុបប្រមាណជា ៧០រូប នៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    មានប្រសាសន៍បើកក្នុងសិក្ខាសាលានេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី បានលើកឡើងថាការបណ្តុះបណ្តាលនាឱកាសនេះមានសារៈប្រយោជន៍ ណាស់សម្រាប់សិក្ខាកាមទាំងអស់ ត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាប្រកបដោយពុទ្ធិសំដៅពង្រឹងចំណេះដឹងមូលដ្ឋាន ក្នុងការបំពេញការងារលើវិស័យសន្តិសុខសង្គម ជាពិសេសទៅលើវិធីសាស្រ្តប្រមូលភាគទានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ដែលគ្រូឧទ្ទេសលោកនឹងបង្ហាត់ បង្ហាញ ពីបទពិសោធន៍ល្អៗជាច្រើន រួម ទាំង ការចែករំលែកពីភាពជោគជ័យក្នុងការអនុវត្តទៅលើរបបសន្តិសុខសង្គមកន្លងមក។
    តាមរយៈសិក្ខាសាលានេះ ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី សង្ឃឹមជឿជាក់ថាសិក្ខាកាមទាំងអស់នឹងចូលរួមយ៉ាងសកម្មក្នុងការសិក្សារៀនសូត្រក្នុងសិក្ខាសាលាពិគ្រោះយោបល់នេះ ជាពិសេសត្រូវយកចំណេះដឹងមកអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ និងមានលក្ខណៈល្អប្រសើរ ដើម្បីធានាប្រព័ន្ធសន្តិសុខសង្គម នៅកម្ពុជាឱ្យកាន់តែមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
    ជាមួយគ្នានេះ លោក PAGUMAN SINGH គ្រូឧទ្ទេសដែលជាអ្នកជំនាញការអង្គការអន្តរជាតិខាងការងារ (ILO) បានសម្ដែងនូវការរីករាយ និងថ្លែងអំណរគុណ ចំពោះការរៀបចំសិក្ខាសាលានេះឡើង ដើម្បីសិក្សាពីមូលដ្ឋានគ្រឹះឱ្យបានច្បាស់ ជៀសវាងនូវហានិភ័យណាមួយដែលកើតមានឡើង ព្រោះប្រព័ន្ធសន្ដិសុខសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនីមួយៗ ហើយយើងទាំងអស់គ្នាត្រូវរួមដៃគ្នា សាមគ្គីគ្នា ដើម្បីរក្សានូវនិរន្ដរភាពប្រព័ន្ធសន្ដិសុខសង្គមនេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.