(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្រ្តីជំនាញចូលរួមអមឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបប្រជុំពិភាក្សាស្ដីពី “ការអនុវត្តកិច្ចការសវនកម្មឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ប.ស.ស.” ជាមួយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំពិភាក្សាពេញមួយរសៀលនេះ បានពិភាក្សាយ៉ាងលម្អិតអំពីផែនការ នៃការធ្វើសវនកម្ម ព្រមទាំងពិភាក្សាជម្រើសរួមនៃការជ្រើសរើសប្រព័ន្ធគណនេយ្យស្ដង់ដា ដើម្បីធានាបាននូវគណនេយ្យភាព តម្លាភាព និងចីរភាពនៃមូលនិធិសន្ដិសុខសង្គម និងអនុលោមតាមអនុក្រឹត្យស្ដីពីនិយ័តកម្មប្រព័ន្ធសន្ដិសុខសង្គម៕