ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយ ឯកឧត្តម Phongsaysack INTHALATH អនុរដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម សរុបប្រមាណជា ៣០នាក់ ដែលប្រព្រឹត្តទៅនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានមកទស្សនៈកិច្ចដោយផ្ទាល់នៅទីតាំងផ្ដល់សេវារបស់ ប.ស.ស. និងបានបង្ហាញនូវសមិទ្ធផលសំខាន់ៗនៃការអភិវឌ្ឍប្រព័ន្ធរបស់ ប.ស.ស. ក្នុងការផ្ដល់សេវាជូនសមាជិក តាមរយៈប្រព័ន្ធអនឡាញ និងបានចែករំលែកអំពីបទពិសោធន៍ ព្រមទាំងបញ្ហាប្រឈម នៃការអនុវត្តការងារ របស់ ប.ស.ស. ដើម្បីជាឧត្តមប្រយោជន៍សម្រាប់គណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជាមួយគ្នានេះ ឯកឧត្តម Phongsaysack INTHALATH ក៏បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងបានកោតសរសើរចំពោះប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា ដែលរីកចម្រើន និងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយតាមរយៈការចែករំលែកក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានទទួលនូវបទពិសោធន៍ អំពីការគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធសន្ដិសុខសង្គមរបស់ប្រទេសកម្ពុជា ដែលជាចំណុចគន្លឹះដែលអាចស្វែងយល់បន្ថែម ហើយយកទៅអនុវត្តរបបសន្ដិសុខសង្គមនៅប្រទេសឡាវ កាន់តែរីកចម្រើនបន្ថែមទៀតបាន។
តាមរយៈជំនួបពិភាក្សានេះដែរ បានបង្ហាញពីការអនុវត្តប្រព័ន្ធសន្ដិសុខសង្គម និងបញ្ហាប្រឈមរបស់ស្ថាប័ន នៃប្រទេសទាំងពីរ គឺមានភាពស្រដៀងគ្នា ហើយស្ថាប័ននៃប្រទេសទាំងពីរ និងបន្ដបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងឈ្វេងយល់ស៊ីជម្រៅអំពីប្រព័ន្ធសន្តិសុខសង្គមរបស់ប្រទេសទាំងពីរ ដើម្បីសម្រេចគោលដៅនៃឧត្តមប្រយោជន៍ជាតិនីមួយៗ៕


















