(ក្រចេះ)៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នេះ បងប្អូនកម្មករនិយោជិតដែលបម្រើការងារក្នុងវិស័យកសិឧស្សាហកម្មចំការចេក និងកៅស៊ូ ក្នុងខេត្តក្រចេះ ប្រមាណជាង ២០០នាក់ បានចូលរួមក្នុងវេទិកាឈ្វេងយល់អំពីអត្ថប្រយោជន៍គាំពារសង្គម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅសណ្ឋាគារ ហ៊រប៊ុន្នី ខេត្តក្រចេះ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានមានប្រសាសន៍ថា វេទិកានេះជាវេទិកាប្រចាំឆ្នាំថ្នាក់តំបន់ ដែលមានសារៈសំខាន់ណាស់សម្រាប់បងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកសិឧស្សាហកម្មចំការចេក និងកៅស៊ូ ដែលត្រូវយល់ដឹងអំពីសិទ្ធិការងារ គោលការណ៍សុវត្ថិភាពនៅកន្លែងធ្វើការ ជាពិសេសសិទ្ធិដែលត្រូវទទួលបានអត្ថប្រយោជន៍សន្ដិសុខសង្គម ដែលជាតម្រូវការចាំបាច់មានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា វេទិកានេះមិនត្រឹមតែផ្ដល់ចំណេះដឹងអំពីអត្ថប្រយោជន៍របស់បងប្អូននោះទេ វាក៏ជាវេទិកាដែលជំរុញដល់ភាគីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយ ផ្តល់ឱកាសការងារបន្ថែមដល់កម្មករនិយោជិត និងដោះស្រាយបញ្ហាប្រឈមរបស់កម្មករនិយោជិត ព្រមទាំងការចែករំលែកអំពីការអនុវត្តន៍ល្អៗ ក្នុងវិស័យកសិឧស្សាហកម្មចំការចេក និងកៅស៊ូផងដែរ។សូមបញ្ជាក់ថា៖ វេទិកាខាងលើនេះ រៀបចំឡើងដោយអង្គការអុកស្វាម (OXFAM) ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាង ប.ស.ស., អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, រដ្ឋបាលខេត្តក្រចេះ, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងអង្គការអុកស្វាម (OXFAM) និងតំណាងក្រសួង ស្ថាប័នជាតិ អន្តរជាតិផងដែរ៕














