Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម ម៉េង ហុង អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញចូលរួម វគ្គបណ្តុះបណ្តាលចុះឈ្មោះអ្នកស្វែងរកការងារ ដែលជាតម្រូវការយ៉ាងចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីគ្រប់ថ្នាក់ដឹកនាំក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រាជធានី-ខេត្តទូទាំងប្រទេស។
    ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តមរដ្ឋមន្រ្ដី បានចង្អុលបង្ហាញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្រោមឱវាទក្រសួងទាំងអស់ត្រូវមានឆន្ទៈ និងមនសិការខ្ពស់ ក្នុងការបម្រើសេវាដោយផ្ទាល់ចំពោះបងប្អូនប្រជាពលរដ្ឋ ពិសេសនៅពេលដែលបានជួបអ្នកដែលកំពុងស្វែងរកការងារដែលជាបងប្អូនពលករខ្មែរបានវិលត្រឡប់មកពីប្រទេសថៃ គឺត្រូវជួយទាក់ទងភ្លាមៗមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរសព្ទ ១២៩៧ ដោយឥតគិតថ្លៃ ឬតាមរយៈតេលេក្រាម Bot ដែលមានឈ្មោះ “ចុះឈ្មោះស្វែងរកការងារ (https://t.me/FindJobsByNEAbot)” ដើម្បីជួយសម្រួលក្នុងការចុះឈ្មោះស្វែងរកការងារជូនពួកគាត់បានភ្លាមៗ។
    ឯកឧត្តមរដ្ឋមន្រ្ដី បានបន្ថែមទៀតថា បច្ចុប្បន្ននេះបងប្អូនពលករដែលបម្រើការងារនៅប្រទេសថៃ បានវិលត្រឡប់ចូលមាតុភូមិវិញមានប្រមាណជាង ៩០ម៉ឺននាក់ ហេតុនេះទាមទារឱ្យថ្នាក់ដឹកនាំទាំងអស់ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយស្ដីពីការចុះឈ្មោះស្វែងរកការងារជូនពួកគាត់ ព្រោះនេះជាតម្រូវការយ៉ាងចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកការងារធ្វើ ហើយនេះក៏ជាឱកាសមួយដែលអាចកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន តាមរយៈកម្លាំងពលកម្មពេញលេញ និងទាក់ទាញវិនិយោគិនកាន់តែច្រើន។
    ឯកឧត្តមរដ្ឋមន្រ្ដី សង្ឃឹមយ៉ាងមុតមាំថា គ្រប់ថ្នាក់ដឹកនាំ មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចូលរួមដើម្បី “ខ្មែរជួយរកការងារឱ្យខ្មែរ” បានធ្វើគ្រប់ៗគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រោះមានតែយើងសាមគ្គីគ្នាទេ ទើបធ្វើឱ្យប្រទេសយើងខ្លាំង នៅពេលប្រទេសយើងខ្លាំង ប្រទេសជិតខាងមិនអាចមើលងាយយើងបានទៀតឡើយ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.