(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការបន្ថែមមុខងារសំខាន់ៗបន្ថែមទៀតទៅក្នុងកម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF Member App) ក្នុងបរិបទការធ្វើទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថល។
គួរបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ន ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតកម្មវិធីទូរសព្ទដៃ ប.ស.ស. ដែលមានឈ្មោះថា “NSSF Member App” ដែលកំពុងដំណើរការទាំងលើប្រព័ន្ធប្រតិបត្តិការ IOS និងប្រព័ន្ធប្រតិបត្តិការ Android ជាមួយនឹងមុខងារសំខាន់ៗជាច្រើន ដែលបានផ្តល់ភាពងាយស្រួលដល់សមាជិក ប.ស.ស. ក្នុងការពិនិត្យមើល (១) ព័ត៌មានផ្ទាល់ខ្លួន (២) ប្រវត្តិនៃការបង់ភាគទាន (៣) របាយការណ៍ចូលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. (៤) អាចស្នើសុំទូទាត់តាវកាលិក និង (៥) អាចស្នើសុំចុះឈ្មោះអ្នកក្នុងបន្ទុកចូលជាសមាជិក ប.ស.ស. បានផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. និងមន្រ្តីជំនាញសរុបប្រមាណ ៣០រូប៕

















