ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក គឺជាឃាតករលាក់មុខដែលធ្វើឱ្យមនុស្ស សា្លប់ របួស និងពិការ ដែលបានបន្សល់ទុកនូវសោកនាដកម្មដ៏ធំ ដែលជាផលប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។ នេះជាការថ្លែងឡើងពីសំណាក់ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)
តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសអញ្ជើញជាសហអធិបតីក្នុងពិធីអប់រំផ្សព្វផ្សាយ
“ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពក្នុងការដឹកជញ្ជូន” ជូនដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិត នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ។
ឯកឧត្តមប្រធានក្រុមការងារបានឱ្យដឹងថា គិតចាប់ពីដើមឆ្នាំ២០២៥ រហូតដល់ខែសីហា ឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករនៅទូទាំងប្រទេសមានចំនួន ៧ករណី និងបណ្តាលឱ្យមានជនរងគ្រោះសរុបចំនួន ១៦៤នាក់ ស្រី ១៣៨នាក់ ស្លាប់ ២នាក់ របួសធ្ងន់ ១៥នាក់ និងរបួសស្រាល ១៤៥នាក់។
ឯកឧត្តមប្រធានក្រុមការងារបានបន្តថា ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោថ្នាក់ទាំងនេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម បានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ និងសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូន ដល់អ្នកបើកបរយានយន្តដឹកកម្មករនិយោជិត និងកម្មករនិយោជិត ចំនួន ២៣៩លើក ដោយមានអ្នកចូលរួម ៦៥ ៤៩១នាក់ ស្រី ៥១ ៨២៩នាក់ (ចាប់ពីដើមឆ្នាំ២០២៥ រហូតដល់ខែសីហា ឆ្នាំ២០២៥)។
ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានសំណូមពរដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ត្រូវជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កម្មករនិយោជិត ដែលកំពុងបំពេញការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានរបស់ខ្លួន ឱ្យចូលរួមផ្សព្វផ្សាយបន្តពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍មកនៅកម្រិតទាបបំផុត៕

















