(ម៉ាឡេស៊ី)៖ តបតាមការអញ្ជើញពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត Mohammed Azman Bin Dato’ Aziz Mohammed ប្រធានសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) និងជាប្រធាននាយកប្រតិបត្តិអង្គភាពសន្តិសុខសង្គម (SOCSO) នៃប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ ប.ស.ស. អញ្ជើញចូលរួមសន្និសីទសន្តិសុខសង្គមអាស៊ានឆ្នាំ២០២៥ ក្រោមមូលបទ “ការជំរុញចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍នៅក្នុងតំបន់អាស៊ាន” រៀបចំដោយអង្គភាពសន្តិសុខសង្គម (SOCSO) នៃប្រទេសម៉ាឡេស៊ី ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ ទីក្រុងគូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។
សន្និសីទសន្តិសុខសង្គមអាស៊ានឆ្នាំ២០២៥នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលរៀបចំឡើងក្នុងគោលបំណងប្រមូលផ្ដុំស្ថាប័នសន្តិសុខសង្គមថ្នាក់តំបន់ និងអ្នករៀបចំគោលនយោបាយ ដើម្បីឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅអំពីសេចក្ដីថ្លែងការណ៍អាស៊ាន ស្ដីពីចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍នៅក្នុងតំបន់អាស៊ាន ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងន័យពង្រឹងកិច្ចសហការរវាងស្ថាប័នសន្តិសុខសង្គមក្នុងតំបន់ ក៏ដូចជាស្វែងរកយន្តការនានាដែលពាក់ព័ន្ធនឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ក្របខ័ណ្ឌឌីជីថល និងកម្រិតស្ថាប័ន ក្នុងន័យជំរុញចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍នៅក្នុងតំបន់។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានអញ្ជើញជាវាគ្មិនកិតិ្តយសធ្វើបទបង្ហាញក្រោមប្រធានបទ “ការឈ្វេងយល់អំពីសេចក្តីថ្លែងការណ៍អាស៊ាន និងគោលការណ៍ណែនាំអាស៊ានស្តីពី ចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសក៍នៅក្នុងតំបន់អាស៊ាន“។
សូមបញ្ជាក់ផងដែរថា សន្និសីទសន្តិសុខសង្គមអាស៊ានឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីស្ថាប័នសន្តិសុខសង្គមអាស៊ានចំនួន ២០ស្ថាប័ន ដែលជាសមាជិក នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)។

















