Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអុកស្វាម បន្ដសហការរៀបចំវេទិកាថ្នាក់តំបន់ ស្តីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា នៅខេត្តកំពង់ស្ពឺ

    (កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវេទិកាថ្នាក់តំបន់ ស្តីពី គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា ដោយមានការអញ្ជើញចូលរួមជាសហធិបតីពីសំណាក់ លោកជំទាវ គា សុភូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ថ្នាក់ដឹកនាំសហគមន៍ តំណាងកម្មករនិយោជិត ព្រមទាំងភាគីពាក់ព័ន្ធសរុបប្រមាណជា ២០០នាក់ ប្រព្រឹត្តទៅនៅសណ្ឋាគារ ផាមរីវើ ខេត្តកំពង់ស្ពឺ ។
    មានប្រសាសន៍បើកវេទិកាថ្នាក់តំបន់នេះ ឯកឧត្តមអគ្គនាយករង បានថ្លែងឡើងថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអុកស្វាមបានសហការរៀបចំវេទិកានេះឡើង ដើម្បីពង្រឹងកិច្ចសហការ និងគណនេយ្យភាពសង្គមនៅក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា តាមរយៈកិច្ចសន្ទនាសង្គម ដោយផ្តោតលើការឈ្វេងយល់អំពីបញ្ហាប្រឈម និងសំណើនានា រវាងនិយ័តករ និងប្រតិបត្តិករសន្តិសុខសង្គម ជាមួយនឹងថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ដើម្បីស្តាប់កង្វល់ សំណើ និងចងក្រងធាតុចូលនានា ដែលជាឧត្តមប្រយោជន៍ដល់ការតាក់តែង គោលនយោបាយ ក្នុងន័យធានាគាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកប ដោយយុត្តិធម៌នៅកម្ពុជា។
    តាមរយៈការចូលរូមក្នុងវេទិកានាព្រឹកនេះ ឯកឧត្តមអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំសហគមន៍ តំណាងកម្មករនិយោជិត តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត អ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ ក៏ដូចជាថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិតមកពីគ្រប់វិស័យ នឹងប្តេជ្ញាចិត្តរួមគ្នា ធ្វើឱ្យប្រសើរឡើងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា សម្រាប់បងប្អូនកម្មករនិយោជិត ជាពិសេសសម្រាប់កម្មករនិយោជិតជាស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.