Mail |
  • ភាសាខ្មែរ
  • English
  • គណៈប្រតិភូក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញចូលរួមវេទិកាសន្តិសុខសង្គមពិភពលោកឆ្នាំ២០២៥

    (ម៉ាឡេស៊ី)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាសន្តិសុខសង្គមពិភពលោកឆ្នាំ២០២៥ ក្រោមប្រធានបទ «ការរៀបចំរបបសន្តិសុខសង្គមសម្រាប់ពិភពលោកនៅក្នុងអន្តរកាល» ក្រោមអធិបតីភាព ឯកឧត្តម ដាតុ ស្រ៊ី អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅមជ្ឈមណ្ឌលសន្និបាតគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
    វេទិកាអន្តរជាតិនេះ ជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់បំផុតសម្រាប់វិស័យសន្តិសុខសង្គម រៀបចំឡើងជារៀងរាល់៣ឆ្នាំម្ដង ដែលធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំស្ថាប័នសន្តិសុខសង្គម ជំនាញការ និងអង្គការអន្តរជាតិ មកពីជុំវិញពិភពលោក ដើម្បីកសាងទំនាក់ទំនង និងពិភាក្សាលើបញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ ក៏ដូចជាចែករំលែកវឌ្ឍនភាព ឧត្តមានុវត្តន៍ និងនវានុវត្តន៍ ក្នុងការរៀបចំរបបសន្តិសុខសង្គមប្រកបដោយភាពធន់ និងនិរន្តភាពសម្រាប់ទាំងអស់គ្នានៅក្នុងអន្តរកាល។
    ក្នុងវេទិកាពិភពលោកខាងលើ ក្នុងនាមស្ថាប័នជា Affiliate Member ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានចូលរួមការ (១) បោះឆ្នោតអនុម័តលើការធ្វើវិសោធនកម្មធម្មនុញ្ញរបស់សមាគម ISSA ក្នុងមហាសន្និបាតលើកទី៣៥ (២) បោះឆ្នោតជ្រើសរើសប្រធាន អគ្គហិរញ្ញិក និងសមាជិកគណៈកម្មការគ្រប់គ្រងរបស់សមាគម ISSA អាណត្តិឆ្នាំ ២០២៦-២០២៨ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៤០ និង (៣) ចូលរួមកិច្ចប្រជុំ ISSA Bureau លើកទី១៣២ ដែល ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ត្រូវបានប្រកាសចូលជាសមាជិកនៃ ISSA Bureau អាណត្តិឆ្នាំ២០២៦-២០២៨។
    ជាលទ្ធផលពីការចូលរួមវេទិកាខាងលើនេះ បានផ្ដល់ធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំ និងការកែលម្អប្រព័ន្ធសន្តិសុខសង្គមនៅក្នុងបណ្តាប្រទេសជាសមាជិក។ វាឆ្លុះបញ្ជាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជានៅក្នុងការពង្រឹងរបបសន្តិសុខសង្គមឱ្យកាន់តែប្រសើរ ស្របតាមបរិបទនៃពិភពលោកនៅក្នុងអន្តរកាល។ ការចូលរួមនេះក៏ជួយបង្កើនការត្រៀមលក្ខណៈរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងបម្រែបម្រួលនានា និងការធ្វើសមាហរណកម្មជាមួយសហគមន៍សន្តិសុខសង្គមពិភពលោក។
    សូមបញ្ជាក់ថា វេទិកាសន្តិសុខសង្គមពិភពលោក ឆ្នាំ២០២៥ ដែលរៀបចំដោយសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA) បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។ វេទិកានេះ មានការចូលរួមពីស្ថាប័នជាសមាជិកនៃសមាគមសន្តិសុខសង្គមអន្តរជាតិ ជំនាញការ និងអង្គការអន្តរជាតិ មកពីប្រទេសចំនួន១៣០ និងមានអ្នកចូលរួមប្រមាណជា ២ ០០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.
    ប្រអប់ទទួលបណ្ដឹង ប.ស.ស.