(បាត់ដំបង)៖ បងប្អូនពលករខ្មែរត្រឡប់ពីប្រទេសថៃ ចំនួន៣ស្រុក នៃខេត្តបាត់ដំបង ទទួលបានការយល់ដឹងពីអត្ថប្រយោជន៍របបសន្តិសុខសង្គមកាន់តែច្បាស់ តាមរយៈកម្មវិធីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកម្មវិធីនេះ រៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក ខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋាន ស្ថិតនៅស្រុកចំនួន៣ រួមមានស្រុកសំពៅលូន ស្រុកបាណន់ និងស្រុកបវេល។
ការរៀបចំកម្មវិធីនេះ គឺដើម្បីផ្តល់ឱកាសការងារ និងជំនាញថ្មីៗជូនដល់បងប្អូនពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ពិសេសគឺផ្សព្វផ្សាយពីការទទួលបានការគាំពារសុខុមាលភាពតាមរយៈ ប.ស.ស. នៅពេលបងប្អូនពលករខ្មែរទទួលបានការងារធ្វើក្នុងស្រុក ដែលកម្មវិធីនេះ មានចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែតុលា ឆ្នាំ២០២៥។
ដើម្បីទទួលបានព័ត៌មានបន្ថែមសូមបងប្អូនពលករខ្មែរ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ គឺអាចប្រឹក្សាយោបល់ នៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬតាមរយៈលេខទូរស័ព្ទ Hotline ១២៩៧៕















