(កំពត)៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ លោក មាន ណាវិមន្ដ ប្រធាននាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល បានអញ្ជើញបើកសិក្ខាសាលាស្តីពី «ការលើកកម្ពស់ និងពង្រឹងភាពជាដៃគូរវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាល» ដល់តំណាងមូលដ្ឋានសុខាភិបាល មកពីខេត្តចំនួន៥ រួមមាន ខេត្តកំពត ខេត្តតាកែវ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ប្រមាណជា ១៣០នាក់។
សិក្ខាសាលានេះផ្ដោតលើចំណុចសំខាន់ៗ ចំនួន៣ ដោយរួមមាន៖ (១).បង្កើនកិច្ចសហប្រតិបត្តិការល្អប្រសើររវាង ប.ស.ស. និងមូលដ្ឋានសុខាភិបាលដៃគូ ដើម្បីធានាថាការផ្ដល់សេវាពិនិត្យព្យាបាលមានប្រសិទ្ធភាព និងមានគុណភាព (២).ផ្ដល់ឱកាសឱ្យភាគីទាំងពីរ បង្ហាញពីក្តីកង្វល់ និងបញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះក្នុងភាពជាដៃគូ ដោយតម្រូវឱ្យគ្រប់ភាគីត្រូវផ្ដល់ មតិយោបល់ស្ថាបនា និង រួមគ្នាដោះស្រាយបញ្ហា ប្រកបដោយការយោគយល់គ្នា និង ទី(៣).បង្ហាញពីការធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្រួលដល់ការគ្រប់គ្រងទិន្នន័យ និងការផ្ដល់សេវាពិនិត្យព្យាបាល និងការទូទាត់ឱ្យបានរហ័សទាន់ចិត្តស្របតាមយុគសម័យឌីជីថល។
សិក្ខាសាលានេះ ប្រព្រឹត្តទៅមួយថ្ងៃពេញ នៅសាខា ប.ស.ស. ខេត្តកំពត ដោយក្នុងនោះភាគីពាក់ព័ន្ធបានផ្ដល់ធាតុចូល បញ្ហាប្រឈម និងបានប្តេជ្ញាចិត្តរួមគ្នាបន្តពង្រឹងគុណភាពសេវាសុខាភិបាល និងបង្កើនការយោគយល់គ្នាទៅវិញទៅមក ដើម្បីបម្រើផលប្រយោជន៍ដល់កម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ប.ស.ស. ឱ្យកាន់តែទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត៕















