ភ្នំពេញ៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ “ថា្នលគាំពារសង្គមឌីជីថលកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ។
ថា្នលគាំពារសង្គមឌីជីថលកម្ពុជា បានបង្ហាញពីការសម្រេចបាននូវបង្គោលចរដ៏សំខាន់ នៃផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨ ក៏ដូចជានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពបន្ថែមទៀត សម្រាប់ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា៖ពិធីប្រកាសដាក់ឱ្យដំណើរការខាងលើប្រព្រឹត្តទៅនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិប្រមាណជាង ១០០០នាក់៕
















