(ព្រុយណេ)៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ ប.ស.ស. ចូលរួមសិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ ក្រោមប្រធានបទស្ដីពី វឌ្ឍនភាពរួម៖ កំណែទម្រង់បរិវត្តកម្មដើម្បីធានាអនាគតសម្រាប់ទាំងអស់គ្នា របស់សមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លើកទី៤២ នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ នៃប្រទេសព្រុយណេ។
ក្នុងឱកាសនោះផងដែរ មន្ត្រីជំនាញ ប.ស.ស. ក៏បានចូលរួមធ្វើបទបង្ហាញស្តីពី បរិវត្តកម្មឌីជីថលសម្រាប់ប្រព័ន្ធប្រតិបត្តិការ ប.ស.ស.។ នៅក្នុងការធ្វើបទបង្ហាញនេះផងដែរ ប.ស.ស. បានចែករំលែកឧត្តមានុវត្តន៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គម និងការអភិវឌ្ឍប្រព័ន្ធឌីជីថល ប.ស.ស. កម្ពុជា។
សិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ខាងលើ រៀបចំដោយមូលនិធិសោធនិវត្តន៍សម្រាប់កម្មករនិយោជិត (ETF) នៃប្រទេសព្រុយណេ ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិ និងតំណាងស្ថាប័នសន្តិសុខសង្គមជាសមាជិកនៃសមាគម ASSA ចំនួន ២០ស្ថាប័ន ដែលមកពីបណ្តាប្រទេសអាស៊ានទាំង ១០ សរុបចំនួនប្រមាណជាង ១០០នាក់៕
















