(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី បើកពិធីផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្ដិសុខសង្គមសម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ជូនដល់មន្ត្រីទទួលបន្ទុកការងារ ប.ស.ស. ប្រចាំក្រសួង ស្ថាប័ន និងអង្គភាព” សរុបជាង២០០រូប នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានគូសបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គម បាននិងកំពុងបោះជំហានទៅមុខប្រកបដោយវឌ្ឍនភាព ស្របតាមកម្មវិធីគោលនយោបាយអាទិភាព និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ គឺជាផែនទីបង្ហាញផ្លូវរយៈពេលវែង ដែលផ្តោតលើសសរស្តម្ភចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។ ក្នុងនោះប្រព័ន្ធសន្តិសុខសង្គម ដែលមានបេឡាជាតិសន្តិសុខសង្គម ដែលហៅជាអក្សរកាត់ថា ប.ស.ស. ជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ដែលជួយដល់សមាជិកក្នុងការការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូលដោយសារការឈឺថ្កាត់ មាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ពិការភាព ចូលនិវត្តន៍ និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានលើកឡើងបន្តទៀតថា ពិធីផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យមន្ត្រីទទួលបន្ទុកការងារ ប.ស.ស. ប្រចាំក្រសួង ស្ថាប័ន និងអង្គភាព បានឈ្វេងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីនីតិវិធីចុះបញ្ជិកា និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ព្រមទាំងជាមូលដ្ឋានក្នុងការយកទៅអនុវត្ត ឱ្យកាន់តែទូលំទូលាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងអង្គភាពរបស់ខ្លួនផងដែរ។
ឯកឧត្តមបណ្ឌិតអគ្គនាយករង សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីទទួលបន្ទុកការងារ ប.ស.ស. ប្រចាំក្រសួង ស្ថាប័ន និងអង្គភាព នឹងសហការជួយផ្សព្វផ្សាយបន្តអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម ស្របតាមបទប្បញ្ញត្តិជាធរមាន នៅតាមក្រសួង ស្ថាប័ន និងអង្គភាពរៀងៗខ្លួន៕















