(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ ប.ស.ស. ចូលរួមជួបប្រជុំពិភាក្សាជាមួយប្រតិភូនិយ័តករសន្ដិសុខសង្គម ដឹកនាំដោយ លោកស្រី ថន កេណ្ណារ័ត្ន អគ្គនាយករង នៃនិយ័តករសន្តិសុខសង្គម និងជាប្រធានប្រតិភូ ដើម្បីផ្ដល់កិច្ចសហការក្នុងការត្រួតពិនិត្យការអនុវត្តការងារជាក់ស្ដែងរបស់ ប.ស.ស. ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
មានប្រសាសន៍ស្វាគមន៍ប្រតិភូ នៃនិយ័តករសន្ដិសុខសង្គម ឯកឧត្តមបណ្ឌិតអគ្គនាយករង បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូនិយ័តករសន្តិសុខសង្គម ដែលបានចុះមកត្រួតពិនិត្យលើការអនុវត្តការងាររបស់ ប.ស.ស. ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ក៏បានចង្អុលបង្ហាញដល់នាយកដ្ឋាន និងអង្គភាព ក្រោមឱវាទ ប.ស.ស. ត្រូវផ្ដល់កិច្ចសហការពេញលេញ ក្នុងការផ្ដល់ទិន្នន័យ ឯកសារ និងព័ត៌មានចាំបាច់នានា ដើម្បីសម្រួលដល់ដំណើរការត្រួតពិនិត្យរបស់និយ័តករសន្ដិសុខសង្គម ប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមថា ការចុះមកត្រួតពិនិត្យនេះ ជាយន្តការពង្រឹងប្រតិបត្តិការជាក់ស្ដែងរបស់អង្គភាពប្រតិបត្តិករ ប.ស.ស. ក្នុងការធានាឱ្យដំណើរការ និងការអនុវត្តរបបសន្តិសុខសង្គមប្រព្រឹត្តទៅដោយតម្លាភាព ប្រសិទ្ធភាព ស្របតាមច្បាប់ជាធរមាន ព្រមទាំងអាចជួយកែសម្រួលនូវចំណុចខ្វះខាត និងធានាផលប្រយោជន៍រួមរបស់សមាជិក ប.ស.ស.។
ឯកឧត្តមបណ្ឌិតអគ្គនាយករង សង្ឃឹមថា អង្គភាពទាំងពីរ នឹងចូលរួមកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ប្រកបដោយភាពរលូន និងផ្លែផ្កា ដើម្បីជំរុញឱ្យការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជាកាន់តែមានភាពរឹងមាំ ប្រកបដោយគណនេយ្យភាព និងគុណភាពនៃការផ្ដល់សេវាសន្តិសុខសង្គមជូនដល់សមាជិក ប.ស.ស. ព្រមទាំងផ្ដល់ទំនុកចិត្តខ្ពស់ដល់សាធារណជនផងដែរ៕
















